រាជធានីបាងកក៖ នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី១៩ ខែសីហា បានណែនាំដល់ទីភ្នាក់ងារយោធា និងសន្តិសុខ ឱ្យត្រៀម សម្រាប់បាតុកម្មរបស់និស្សិត ដែលត្រូវបានគេរំពឹងថា អាច នឹងកើនឡើង នៅខែក្រោយ ខណ:មេដឹកនាំយោធាដែលកំពុងកាន់អំណាចចូលនិវត្តន៍។
បើតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយ នៅថ្ងៃទី២០ ខែសីហា ថា កាលពីម្សិលមិញ នាយករដ្ឋមន្រ្ដីថៃ លោក ប្រយុទ្ធ ចាន់អូចា បានធ្វើជាប្រធាន នៅក្នុងកិច្ចប្រជុំពិសេសមួយជាមួយនឹងភ្នាក់ងារសន្ដិសុខ នៅឯក្រុមប្រឹក្សាសន្ដិសុខជាតិ (NSC) ដើម្បីវាយតម្លៃអំពីការគំរាមកំហែងដល់សន្ដិសុខជាតិ នាពេលខាងមុខនេះ។ នៅក្នុងកិច្ចប្រជុំពិសេសនោះ ក៏មានវត្ដមានរបស់ឧបនាយករដ្ឋមន្រ្ដីថៃ លោក Prawit Wongsuwon, រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លោក Anupong Paojinda, អគ្គលេខាធិការ NSC លោក Somsak Roongsita និងនាយអគ្គសេនាធិការកងទ័ពការពារជាតិ លោកឧត្ដមសេនីយ៍ Pornpipat Benyasri ។
មហាជនបានបានផ្តោតលើកិច្ចប្រជុំនេះ ដោយសារឧត្តមសេនីយ៍ ប្រាយុទ្ធ បានអញ្ជើញមន្រ្តីយោធាជាន់ខ្ពស់ ដែលត្រូវបានតែងតាំងឱ្យក្លាយជាមេដឹកនាំថ្មី នៃកងកម្លាំងប្រដាប់អាវុធ ជំនួសអ្នកកាន់តំណែង ដែលនឹងចូលនិវត្តន៍ នៅចុងខែក្រោយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះ។
ការដែលលោកនាយករដ្ឋមន្រ្ដី កោះប្រជុំបន្ទាន់បែបនេះ ត្រូវគេមើលឃើញថា ក្រុមអ្នកតវ៉ាជានិស្សិត មកពីសកលវិទ្យាល័យនានា និងសកម្មជន មកពីក្រុមផ្សេងៗ មានគម្រោងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា។ ក្រុមបាតុករបានគាំទ្រឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ និងជំរុញឲ្យនាយករដ្ឋមន្រ្ដីចុះចេញពីតំណែង ហើយបញ្ចប់ការប្រឆាំងនឹងអ្នករិះគន់។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងការធ្វើបាតុកម្មប្រឆាំងនឹងរបបរាជានិយម ចំនួន៦នាក់ផងដែរ។
ប្រភពផ្សេងទៀត បានថ្លែងថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ មានការព្រួយបារម្ភថា ករណីនេះអាចនឹងមានអ្នកណាម្នាក់កេងចំណេញ អំពីស្ថានការណ៍នយោបាយបែបនេះ ដើម្បីបង្កភាពចលាចល ដោយប្រើក្រុមអ្នកតវ៉ាវ័យក្មេងៗ ជាឧបករណ៍មួយ ប្រឆាំងនឹងអាជ្ញាធរ។ ដូច្នេះបើស្ថានភាពនេះកាន់តែអាក្រក់ទៅ យោធាអាចនឹងឈានទៅរកការរក្សាសណ្តាប់ធ្នាប់។
ទោះជាយ៉ាងណា លោកឧត្ដមសេនីយ៍ Prayut បានថ្លែងថា លោកនឹងមិនធ្វើអ្វីប្រឆាំងនឹងការតវ៉ារបស់ពួកគេទេ។ ប៉ុន្ដែការទាមទារយ៉ាងច្រើនរបស់ក្រុមបាតុករ គឺលោកមិនអាចធ្វើតាមបានដែរ ហើយលោកក៏អំពាវនាឲ្យក្រុមអ្នកតវ៉ាទាំងអស់ គោរពស្ថាប័នព្រះមហាក្សត្រ។ ប៉ុន្ដែប្រសិនបើការតវ៉ានេះហួសពីការគ្រប់គ្រង រដ្ឋាភិបាលអាចនឹងត្រូវបង្ខំចិត្ត អនុវត្ដច្បាប់សន្ដិសុខជាតិ៕