រាជធានីបាងកក៖ ក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមបាតុករបានប្រមូលផ្ដុំគ្នា តវ៉ាទាមទារឲ្យនាយករដ្ឋមន្រ្ដីចុះចេញពីតំណែង និងគាំទ្រឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ហើយរហូតមកដល់ថ្ងៃទី១៩ ខែសីហា មានទាំងនិស្សិតជាច្រើនរយនាក់ មកពីសាលានានា បាននាំគ្នាតវ៉ាទាមទារដូចគ្នាដែរ។
សារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ កាលពីថ្ងៃទី១៩ ខែសីហា ថា ក្រុមនិស្សិតរាប់រយនាក់ មកពីសាលានានា បានប្រមូលផ្ដុំគ្នា នៅខាងក្រៅក្រសួងអប់រំ ដោយទាមទារឲ្យរដ្ឋមន្ដ្រីក្រសួងអប់រំ និងនាយករដ្ឋមន្រ្ដី ចុះចេញពីតំណែង។ និស្សិតម្នាក់បានថ្លែងថា «មិនមានអ្នកណាម្នាក់សប្បាយចិត្ត ក្រោមការគ្រប់គ្រងបែបផ្ដាច់ការបែបនេះទេ»។
ក្រុមអ្នកតវ៉ាស្លៀកពាក់ឯកសណ្ឋានជាសិស្ស បានថ្លែងថា ពួកគេចង់ជំរុញឲ្យនាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) និង រដ្ឋមន្រ្ដីក្រសួងអប់រំ លោក Nataphol Teepsuwan ចុះចេញពីតំណែង។ ក្រៅពីនេះ ក្រុមបាតុករ បានអំពាវនាវឲ្យមានការកែទម្រង់ ជាមូលដ្ឋាន នៅក្នុងវិស័យអប់រំថែមទៀតផង។
លោក Nataphol ជាអតីតមេដឹកនាំសំខាន់ នៃគណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន គឺជាក្រុមស្តាំនិយម ដែលល្បីល្បាញ ក្នុងការធ្វើបាតុកម្ម នៅតាមដងផ្លូវ រហូតនាំឱ្យមានរដ្ឋប្រហារ ប្រឆាំងនឹងរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ នៅអំឡុងឆ្នាំ២០១៤។
សូមជម្រាបថា មុននឹងមានការផ្ទុះឡើងបាតុកម្ម ពីសិស្ស និងនិស្សិតនេះ កាលពីពេលកន្លងទៅថ្មីៗនេះ គណបក្សប្រឆាំងជាច្រើនរបស់ប្រទេស បានរួបរួមគ្នាដាក់ញត្ដិទៅសភា ទាមទារឲ្យមានវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។ ប៉ុន្ដែក្រោយមក មានការប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ហើយគាំទ្រដល់ការកែប្រែរដ្ឋធម្មនុញ្ញរបស់ថៃ ព្រោះពួកគេយល់ថា រដ្ឋធម្មនុញ្ញបច្ចុប្បន្នបង្កើតឡើង ដើម្បីជួយជ្រោមជ្រែងអំណាចដល់លោក ប្រាយុទ្ធ ចាន់អូចា និងមន្រ្ដីយោធាកំពូលៗតែប៉ុណ្ណោះ៕