រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង បានចេញបទបញ្ជាឲ្យរឹបអូសសត្វសុនខ (ឆ្កែ) នៅក្នុងរដ្ឋធានីព្យុងយ៉ាង ដោយគេចាត់ទុកថា សត្វចិញ្ចឹមទាំងនោះតំណាងឲ្យការកាត់ផ្ដាច់ពីលោកខាងលិច ប៉ុន្ដែម្ចាស់សត្វចិញ្ចឹមទាំងនេះ មានការព្រួយបារម្ភ ចំពោះបញ្ហានេះ ហើយពួកគេបានលើកឡើងថា ករណីនេះអាចយកសត្វទាំងនោះ ទៅធ្វើជាអាហារពេលល្ងាច សម្រាប់ក្រុមណាមួយ។
សារព័ត៌មានញូវយ៉កថែមស៍ បានដកស្រង់ប្រភពពីសារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo យកមកចុះផ្សាយ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ថា លោក គីម បានចេញសេចក្តីណែនាំ កាលពីខែកក្កដា កន្លងមក ដើម្បីឲ្យប្រមូលសត្វចិញ្ចឹម(សត្វឆ្កែ) ដោយអះអាងថា នេះជាការកែប្រែទំនោរនិយម ដោយមនោគមវិជ្ជាផ្ទាល់ខ្លួន។
ប្រភពដដែល បានបញ្ជាក់ថា «ជាធម្មតា នៅកូរ៉េខាងជើង ប្រជាជនសាមញ្ញ តែងតែចិញ្ចឹមសត្វជ្រូក និង សត្វពាហនៈ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ និងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ តែងតែចិញ្ចឹមឆ្កែ។ ករណីនេះធ្វើឲ្យមានការមិនសប្បាយចិត្ត នៅក្នុងចំណោមវណ្ណៈទន់ទាបផងដែរ។
ជាមួយគ្នានេះ អាជ្ញាធរកូរ៉េខាងជើង បានកំណត់អត្តសញ្ញាណគ្រួសារ ដែលមានឆ្កែចិញ្ចឹម ហើយកំពុងបង្ខំឲ្យពួកគេបោះបង់ចោល ឬត្រូវរឹបអូសសត្វទាំងនោះ ដោយបង្ខំ។ រីឯរបបនេះ បានថ្លែងផងដែរថា ចំណាត់ការនេះ ក៏ដើម្បីកាត់បន្ថយការធ្វើឱ្យមានមូលធននិយម នៅក្នុងទីក្រុងព្យុងយ៉ាង។
ទោះជាយ៉ាងណា ម្ចាស់ឆ្កែមានការភ័យខ្លាច ចំពោះកង្វះខាតស្បៀងអាហាររបស់កូរ៉េខាងជើង និងទំនោរក្នុងការបរិភោគសាច់ឆ្កែ។ ក្រៅពីនេះ ប្រជាពលរដ្ឋទាំងនោះ ក៏បង្ហាញការមិនសប្បាយចិត្ត ចំពោះចំណាត់ការនេះ ដោយលួចជេរប្រទេចពីខាងក្រោយខ្នង។ ប៉ុន្ដែបើមានការជេរប្រទេច នៅចំពោះមុខវិញ ពួកគេអាចនឹងត្រូវចាប់ចងផងដែរ៕