រដ្ឋធានីបាម៉ាកូ៖ ក្រោយការធ្វើរដ្ឋប្រហារបណ្ដេញប្រធានាធិបតីប្រទេសម៉ាលី ចេញពីអំណាចរួចមក មេដឹកនាំក្រុមឧទ្ទាម កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានប្រកាសពីផ្លាស់ប្ដូរនយោបាយ និងតាក់តែងរដ្ឋធម្មនុញ្ញថ្មី នៅក្នុងប្រវត្ដិសាស្រ្ដក៏ច្របូកច្របល់ នៅក្នុងប្រទេសមួយនេះ ហើយប្រទេសជិតខាង នៅតំបន់អាហ្រ្វិកខាងលិច បានគំរាមបិទព្រំដែន និងដាក់ទណ្ឌកម្មដល់មេដឹកនាំរដ្ឋប្រហារថែមទៀងផង។
ប្រធានាធិបតីម៉ាលី លោក Boubacar Keita បានថ្លែងថា លោកសុខចិត្ត ចុះចេញពីតំណែង ដើម្បីគេចចេញពីការបង្ហូរឈាម នៅក្នុងប្រទេសរបស់លោក។
កាលពីប៉ុន្មានខែមុននេះ ក្រុមបាតុករបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ជុំវិញ នឹងបញ្ហាជាប់គាំងខាងសេដ្ឋកិច្ច អំពើពុករលួយ និង អំពើបះបោរដ៏ព្រៃផ្សៃរបស់ក្រុមអ៊ិស្លាមនិយមជ្រុល។ រហូតមកដល់ពលនេះ ថ្វីបើមេដឹកនាំរដ្ឋប្រហារ បានប្រកាសពីបម្រាមគោចរ នាពេលយប់ក្ដី តែនៅតាមដងផ្លូវ ក៏មិនឃើញមានកងទ័ពដាក់ពង្រាយច្រើនដែរ។
ផ្ទះរបស់អតីតរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ ត្រូវរងការដុតបំផ្លាញ ពីសំណាក់ក្រុមបាតុករ ហើយនេះជាសញ្ញាដួលរលំ នៃគ្រប់គ្រងរបស់ប្រធានាធិបតីម៉ាលី លោក Boubacar Keita ។ ហ្វូងមនុស្សបានចេញមកស្វាគមន៍ក្រុមឧទ្ទាម ដែលចូលមកដល់រដ្ឋធានី បាម៉ាកូ (Bamako) ជាកន្លែងដែលពួកគេចាប់ឃុំឃាំងប្រធានាធិបតីម៉ាលី លោក Keita និង នាយករដ្ឋមន្រ្ដី លោក Boubou Cisse ។
ដោយឡែកក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៩ ខែសីហា បានកោះប្រជុំបន្ទាន់មួយ ស្ដីអំពីបញ្ហាម៉ាលី ។ ជាមួយគ្នានេះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទាមទារឲ្យដោះលែងប្រធានាធិបតី និងនាយករដ្ឋមន្រ្ដីម៉ាលី ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។
មេដឹកនាំរដ្ឋប្រហារ បានបង្ហាញមុខ តាមកញ្ចក់ទូរទស្សន៍ កាលពីរំលងអធ្រាត្រ ថា លោកសន្យាផ្លាស់ប្ដូរនយោបាយ នៅក្នុងប្រទេសម៉ាលី រហូតឈានដល់ការបោះឆ្នោត នៅក្នុងពេលវេលាសមរម្យណាមួយ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា ប្រធានាធិបតីម៉ាលី ត្រូវគេនាំទៅឃុំឃាំង នៅក្នុងមូលដ្ឋានកងទ័ព ឬយ៉ាងណានោះទេ។
អនុប្រធានបុគ្គលិកកងទ័ពអាកាសម៉ាលី លោក Ismael Wague បានថ្លែងថា លោក និងមន្រ្ដីរបស់លោក បានសម្រេចចិត្តទទួលខុសត្រូវ ចំពោះមុខប្រជាពលរដ្ឋ និងប្រវត្តិសាស្រ្ដ។
ដោយឡែក ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្កោលទោស ចំពោះការធ្វើរដ្ឋប្រហារ នៅម៉ាលី។ ជាមួយគ្នានេះដែរ លោកនៅតែគាំទ្រដល់បណ្ដាប្រទេស នៅតំបន់អាហ្វ្រិកខាងលិច ឲ្យធ្វើជាអាជ្ញាកណ្ដាល សម្រាប់ដោះស្រាយបញ្ហាម៉ាលី។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ អំពីចំនួនអ្នកស្លាប់ ជុំវិញការធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីម៉ាលី នោះឡើយ៕