រដ្ឋធានីគែរ៖ ក្រោយការដួលរលំ នៃរបបគ្រប់គ្រងផ្ដាច់ការរបស់លោក មូអាមម៉ា ហ្កាដាហ្វី (Muammar Gaddafi) នៅប្រទេសលីប៊ីនោះមក ប្រទេសនេះបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ដណ្ដើមអំណាចគ្នា រវាងកងកម្លាំង GNA និង LNA ហើយរហូតមកដល់ពេលនេះ មានប្រទេសចំនួន៣ បានចុះកិច្ចព្រមព្រៀងគ្នា បង្កើតមូលដ្ឋានកងទ័ពជើងទឹក នៅក្នុងទីក្រុង Misrata ប្រទេសលីប៊ី។
បណ្ដាញទូរទស្សន៍អារ៉ាប៊ីយ៉ា (Al Arabiya) បានដកស្រង់ប្រភពព័ត៌មានយកមកផ្សាយថា ប្រទេសតួកគី កាតារ និងក្រុមកិច្ចព្រមព្រៀងជាតិរបស់លីប៊ី (GNA) របស់លោក Fayez Sarraj បានចុះកិច្ចព្រមព្រៀង បង្កើតមូលដ្ឋានកងទ័ពជើងទឹកតួកគី នៅក្នុងប្រទេសលីប៊ី។
ប្រភពព័ត៌មានដដែល បានបន្ដថា រដ្ឋមន្រ្ដីក្រសួងការពារជាតិតួកគី និងកាតារ លោក Hulusi Akar និងលោក Khalid bin Mohamed Al Attiyah បានអញ្ជើញទៅដល់រដ្ឋធានីទ្រីប៉ូលី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។ រដ្ឋមន្រ្ដីក្រសួងការពារជាតិទាំង២ប្រទេសនេះ នឹងជួបប្រជុំជា មួយមេដឹកនាំ នៃរដ្ឋាភិបាល ឧត្ដមក្រុមប្រឹក្សារដ្ឋលីប៊ី ក៏ដូចជា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃលីប៊ី លោក Fathi Bashagha ផងដែរ។
បើតាមប្រភពព័ត៌មានរបស់បណ្ដាញទូរទស្សន៍ (Al Arabiya) បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងបង្កើតឲ្យមានមជ្ឈមណ្ឌលសម្របសម្របយោធាត្រីភាគី នៅក្នុងទីក្រុង Misrata ប្រទេសលីប៊ី ក៏ដូចជា ការបង្កើតមណ្ឌលហ្វឹកហ្វឺន និងទីបញ្ជាការសម្រាប់កងជីវពល GNA នៅក្នុងទីក្រុងឌូហា ប្រទេសកាតារ ផងដែរ។
កាលពីពេលកន្លងមកនេះ តួកគីបានផ្ដល់ការគាំទ្រយោធាដល់ក្រុម GNA (Government of National Accord ) ក្រោយពេលរដ្ឋាភិបាលទីក្រុងអង់ការ៉ា និងទីក្រុងទ្រីប៉ូលី បានចុះហត្ថលេខាលើកតិកាសញ្ញាកិច្ចសហប្រតិបត្ដិការយោធា។
ដោយឡែកមេដឹកនាំកងទ័ពជាតិលីប៊ី (LNA) លោក Field Marshal Khalifa Haftar ដែលជាគូជម្លោះប្រដាប់អាវុធជាមួយនឹងក្រុម GNA បានប្ដេជ្ញាប្រឆាំងនឹងកងទ័ពតួកគី។ លោកបានចោទប្រកាន់ទីក្រុងអង់ការ៉ា ពីការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសលីប៊ី។
ក្រោយការដូលរលំ នៃរបបគ្រប់គ្រងផ្ដាច់ការរបស់លោក Muammar Gaddafi នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ រហូតមកដល់ពេលនេះ ប្រទេសលីប៊ី បានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ដោយការច្បាំងដណ្ដើមអំណាចគ្នា រវាងកងទ័ពជាតិលីប៊ី (LNA) ដែលតាំងមូលដ្ឋាន នៅភាគខាងកើតប្រទេស ដឹកនាំដោយលោក Field Marshal Khalifa Haftar និង ក្រុម GNA គាំទ្រដោយអង្គការសហប្រជាជាតិ តាំងមូលដ្ឋាននៅភាគខាងលិចប្រទេស ដែលដឹកនាំដោយលោក Fayez Sarraj ៕