រដ្ឋធានីសាណា៖ កងទ័ពរដ្ឋាភិបាលយេមែន និងក្រុមឧទ្ទាមហ៊ូធី គាំទ្រដោយប្រទេសអ៊ីរ៉ង់ បានវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម នៅខេត្ត Al-Jawf នាភាគពាយព្យ នៃប្រទេស បណ្ដាលឲ្យភាគីទាំងសងខាង ស្លាប់១៧នាក់ និងរាប់សិបនាក់ផ្សេងទៀត រងរបួស។
ប្រភពព័ត៌មានពីកងទ័ព នៅក្នុងតំបន់ បានឲ្យដឹងថា ការវាយប្រយុទ្ធគ្នានេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅក្នុងខេត្ត Al-Jawf នាភាគពាយព្យ នៃប្រទេសយេមែន។ ការប្រយុទ្ធគ្នាយ៉ាងសាហាវនេះ បានបណ្ដាលឲ្យក្រុមឧទ្ទាមហ៊ូធី (Houthi) ស្លាប់៥នាក់ និងកងទ័ពរបស់រដ្ឋាភិបាល ស្លាប់ចំនួន២នាក់។ ក្រៅពីនេះ ក៏នៅមានអ្នករងបួសរាប់សិបនាក់ផងដែរ។ ជាមួយគ្នានេះ កងទ័ពរដ្ឋាភិបាលយេមែន បានរឹបអូសយានយន្ដយោធា និងគ្រឿងសព្វាវុធជាច្រើនពីក្រុមឧទ្ទាមថែមទៀតផង។
ការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមនេះ បានកើតឡើង នៅក្នុងតំបន់ al-Alam មានចម្ងាយប្រហែលតែ៤ទៅ៥គីឡូម៉ែត្រ ពីទីក្រុង Al-Hazm ស្ថិតនៅភាគកណ្ដាល ខេត្ត al-Jawf ដែលគ្រប់គ្រង ដោយក្រុមឧទ្ទាមហ៊ូធី។
ប្រទេសយេមែន បានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល នៅចុងឆ្នាំ២០១៤ ក្រោយពេលក្រុមឧទ្ទាមហ៊ូធី (Houthi) គាំទ្រ ដោយប្រទេសអ៊ីរ៉ង់ បានរឹបអូសតំបន់ភាគខាងជើងប្រទេស និងបណ្ដេញរដ្ឋាភិបាលរបស់ប្រធានាធិបតីយេមែន លោក Abd-Rabbu Mansour Hadi ចេញពីទីក្រុងសាណា (Sanaa) ។ នៅពេលនោះ សម្ព័ន្ធមិត្តអារ៉ាប់ ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានហក់ចូលទៅគាំទ្រប្រធានាធិបតីយេមែន ហើយបើកការវាយប្រហារតាមអាកាសទៅលើក្រុមឧទ្ទាមជាបន្ដបន្ទាប់។ ចាប់តាំងពីពេលនោះមក ប្រទេសនេះ បានធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម រហូតមក៕