ខេត្តព្រះសីហនុ៖ រហូតមកដល់ពេលនេះ អាជីវករលក់ដូរ នៅតាមផ្សារ និងតំបន់មួយចំនួន នៅក្នុងខេត្តព្រះសីហនុ បានសរសេរតម្លៃលើមុខទំនិញរបស់ខ្លួន ដើម្បីឲ្យអតិថិជនលែងព្រួយបារម្ភអំពីការបំភាន់តម្លៃ និងមានភាពងាយស្រួលដល់អ្នកទិញ ហើយចំណេញពេលវេលារបស់ពួកគាត់ថែមទៀតផង។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដព្រះសីហនុ បានឲ្យដឹងថា នៅពេលក្រុមអាជីវករសរសេរតម្លៃលើទំនិញរបស់ពួកគេបែបនេះ គឺមានលក្ខណ:ងាយស្រួលដល់ពួកគាត់ជាអ្នកទិញ ដោយពួកគាត់លែងព្រួយបារម្ភពីការកេងបន្លំលើតម្លៃ។ ក្រៅពីនេះ វានឹងចំណេញពេលវេលា ទាំងអ្នកលក់ និងអ្នកទិញថែមទៀតផង។
កន្លងមក អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជាឲ្យមន្រ្ដីជំនាញចុះណែនាំឲ្យក្រុមអាជីវករទាំងអស់ ឲ្យដាក់ស្លាកតម្លៃទំនិញរបស់ខ្លួន ដើម្បីបញ្ចៀសនូវបាតុភាពផ្សេងៗ។ ប៉ុន្ដែក្រោយពេលមានការណែនាំពីមន្ដ្រីជំនាញនោះមក ក្រុមអាជីវករនៅក្នុងខេត្តនេះ ក៏បានអនុវត្ដតាម ហើយនេះជាគំរូដ៏ល្អសម្រាប់អាជីវករ នៅតាមបណ្ដាខេត្ដផ្សេងៗទៀតផងដែរ៕