ព្រះសីហនុ ៖ បុរសម្នាក់បើករថយន្តធុនធំមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿងបណ្ដាលឲ្យមានបុរសម្នាកស្លាប់នៅកន្លែងកើតហេតុចំណែក២៩នាក់ទៀតរបួសធ្ងន់ស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ខែសីហាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២១១.២១២ ក្នុងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តមួយគ្រឿងម៉ាក
FUSO ពណ៌ ត្រួយចេក ពាក់ផ្លាកលេខព្រះសីហនុ3A-7073 របស់ក្រុមហ៊ុន SP បើកបរដោយបុរសម្នាក់ឈ្មោះ កែវ សៅភី ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
បានធ្វើដំណើរទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះ ដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវចុះចំណោតស្រាបតែរថយន្តក៏ដាច់ហ្រ្វាំងរួចជ្រុលទៅបុកប៉ះរថយន្ត បើកស្របទិសគ្នាចំនួន០៣គ្រឿង បណ្ដាលឲ្យរងកាខូចខាតយ៉ាងដំណំ។
ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រ
មួយគ្រឿងម៉ាក international ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ3D-6269 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើបានគេចរថយន្តម៉ាកLEXUS RX330 ក៏ជ្រុលចង្កូតមកខាងឆ្វេងដៃបុករះម៉ូតូជាច្រើនគ្រឿង ។
សមត្ថកិច្ចបានបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យមាននាក់ស្លាប់១នាក់ មានឈ្មោះ ឆឹង ប៊ុនឆេង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ រោងចក្រ បច្ចុប្បន្ន
ស្នាក់នៅភូមិស្រែចាម ក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( ស្លាប់ នៅនឹងកន្លែងកើតហេតុ ) និងរងរបួសធ្ងនស្រាលចំនួន ២៩នាក់។សម្ភារៈរួមមានរថយន្ត៥គ្រឿងនិងម៉ូតូ៤គ្រឿង។