អំពើពុករលួយ ធ្វើឲ្យប្រទេសលីបង់ ជំពាក់បំណុលបរទេសវ័ណ្ឌក ហើយគួបផ្សំនឹងការផ្ទុះឃ្លាំងស្ដុកអាមម៉ូនីញ៉ូមនីត្រាត បណ្ដាលឲ្យមនុស្សជាង១៥០នាក់ស្លាប់ ជាង៥០០០នាក់រងរបួស និងអ្នកអត់ទីជម្រកដោយសារហេតុការណ៍នេះ មានរហូតដល់៣០ម៉ឺននាក់ ប៉ុន្ដែដោយសារតែវិបត្ដិនេះ បានជំរុញឲ្យមានបាតុកម្មប្រឆាំង ទើបរដ្ឋាភិបាលសម្រេចលាលែង ចេញពីតំណែង។
នាយករដ្ឋមន្រ្ដីលីបង់ លោក Hassan Diab បានបញ្ជាក់ថា លោកសង្ឃឹមថា ការលាលែងតំណែងគណ:រដ្ឋមន្រ្ដីរបស់លោក គឺជាការបើកផ្លូវឲ្យមានការសម្របសម្រួលនយោបាយ នៅក្នុងប្រទេស។ រីឯប្រធានាធិបតីបង់ លោក Michel Aoun កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក៏បានទទួលយល់ព្រម ចំពោះការលាលែងពីតំណែងរបស់គណ:រដ្ឋមន្រ្ដី ដឹកនាំដោយលោក Hassan Diab នាយករដ្ឋមន្ត្រីលីបង់ ផងដែរ។
នាយករដ្ឋមន្រ្ដីលីបង់ លោក Hassan Diab បានសរសេរលិខិតដោយដៃស្នើសុំលាលែងពីតំណែងរបស់លោក ដាក់ជូនទៅប្រធានាធិបតី និងសុំឲ្យបង្កើតរដ្ឋាភិបាលថ្មី។ រីឯអ្នកនយោបាយរបស់លីបង់ ក៏បានពិភាក្សាគ្នាពីការវិវឌ្ឍនូវស្ថានការណ៍ចុងក្រោយ នៅក្នុងប្រទេសនេះ បន្ទាប់ពីការផ្ទុះឃ្លាំងស្ដុកអាមម៉ូនីញ៉ូមនីត្រាត មានទម្ងន់២៧៥០តោន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅកំពង់ផែទីក្រុងបេរូ ជិតមូលដ្ឋានកងទ័ពជើងទឹករបស់ប្រទេសលីបង់៕