លទ្ធផលបឋម នៃការបោះឆ្នោតប្រធានាធិបតីបេឡារុស នៅថ្ងៃទី១០ ខែសីហា នេះ បានបង្ហាញថា លោក Alexander Lukashenko ទទួលបានសន្លឹកឆ្នោត រហូតដល់៨០,២៣ភាគរយ ខណ:គូប្រជែងដ៏ប្រកៀកប្រកិតរបស់លោក ទទួលបានត្រឹមតែ ៩,៩ភាគរយប៉ុណ្ណោះ។
បើតាមលទ្ធផលបឋមនេះ បានបង្ហាញថា លោក Alexander Lukashenko ប្រធានាធិបតីបេឡារុសបច្ចុប្បន្ន នឹងឈ្នះការបោះឆ្នោតប្រធានាធិបតីយ៉ាងភ្លូកទឹកភ្លូកដី។ រីឯគូប្រជែងរបស់លោក ជាបក្សប្រឆាំង គឺលោក Svetlana Tikhanovskaya ទទួលបានសំឡេងគាំទ្រ ត្រឹមតែ៩,៩០ភាគរយតែប៉ុណ្ណោះ។
លោក Yermoshina ប្រធានគណ:កម្មការបោះឆ្នោតបេឡារុស បានឲ្យដឹងថា ការបង្ហាញលទ្ធផលបឋម នឹងត្រូវបានផ្អាក ដោយសារបុគ្គលិក នៃគណ:កម្មការបោះឆ្នោតបេឡារុស ត្រូវបានជម្លៀស ចេញពីអគាររបស់រដ្ឋាភិបាល ព្រោះតែមានមហាបាតុមួយកើតឡើង នៅក្នុងរដ្ឋធានី Minsk ។
បើតាមក្រុមសិទ្ធិមនុស្ស បានឲ្យដឹងថា ការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងប៉ូលិស នៅកណ្ដាលទីក្រុង Minsk បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងជាច្រើនអ្នកទៀតរងរបួស។ ថ្វីបើមានបាតុកម្មប្រឆាំងក្ដី តែចំនួនអ្នកចេញទៅបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ មានរហូតដល់ ៨៤,២៣ភាគរយ៕