ក្រោយការផ្ទុះឃ្លាំងស្ដុកអាមម៉ូនីញ៉ូមនីត្រាត បង្កឲ្យមានមនុស្សស្លាប់ជាង១៥០នាក់ រងរបួសប្រហែល៥ពាន់នាក់ និងរាប់សិបនាក់បាត់ខ្លួន ហើយប្រហែល៣សែននាក់ បាត់បង់ទីជម្រកនោះមក រហូតមកដល់ពេលនេះ ប្រទេសលីបង់បានប្រឈមនឹងការធ្វើបាតុកម្មជាថ្មីទៀត ដោយបានបណ្ដាលឲ្យមនុស្សជាង៧០០នាក់រងរបួស។
បណ្ដាញទូរទស្សន៍ Al Jazeera TV បានរាយការណ៍ កាលពីថ្ងៃទី៩ ខែសីហា ថា ការប៉ះទង្គិចគ្នា រវាងក្រុមអ្នកតវ៉ា និងអាជ្ញាធរ បានកើតឡើង កាលពីថ្ងៃទី៩ ខែសីហា នៅជិតអគារដ្ឋសភា នាកណ្ដាលទីក្រុងបេរូត ប្រទេសលីបង់។ រីឯប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ។
បណ្ដាញសារព័ត៌មាន Al Arabiya បានរាយការណ៍ថា ក្រុមអ្នកតវ៉ាបានចាប់ផ្ដើមប្រមូលផ្ដុំគ្នា នៅកណ្ដាលទីក្រុងបេរូត ជាថ្មី។ ពួកគេបានអំពាវនាវតាមបណ្ដាញសង្គម ជំរុញឲ្យមានការចូលរួមកាន់តែច្រើនឡើង។
ជាមួយគ្នានេះដែរ លោក Sami Gemayel មេដឹកគណបក្ស Kataeb ជាបក្សប្រឆាំងរបស់ប្រទេសលីបង់ កាលពីព្រឹក ថ្ងៃទី៨ ខែសីហា បានអំពាវនាវឲ្យមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលឲ្យកាន់តែខ្លាំងក្លាឡើង។ រីឯក្រុមអ្នកតវ៉ាក៏បានស្ដីបន្ទោសទៅលើរដ្ឋាភិបាលចម្រុះ ជុំវិញអំពើពុករលួយ។ ក្រៅពីនេះ ពួកគេបានទាមទារឲ្យមានការបោះឆ្នោតជាថ្មី និងបង្ហាញភស្ដុតាងឲ្យបានច្បាស់លាស់ ពាក់ព័ន្ធឹងការផ្ទុះឃ្លាំងស្ដុកសារធាតុគីមី អាមម៉ូនីញ៉ូមនីត្រាត ដែលបានសម្លាប់មនុស្ស ១៥៤នាក់ និង៥០០០នាក់រងរបួស ហើយពលរដ្ឋ៣០ម៉ឺននាក់បាត់បង់ផ្ទះសម្បែង។
បណ្ដាញផ្សព្វផ្សាយរបស់អារ៉ាប់ បានរាយការណ៍ថា ការប៉ះទង្គិចគ្នា រវាងប៉ូលិស និងក្រុមបាតុករខាងលើនេះ បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៧២៨នាក់រងរបួស និងមន្រ្ដីប៉ូលិសម្នាក់ស្លាប់ ដោយសាររបួសក្បាល៕