ក្រោយពេលផ្ទុះឃ្លាំងស្តុកសារធាតុគីមី មានទម្ងន់២៧៥០តោន បង្កឲ្យមានគ្រោះមហន្ដរាយដលប្រទេសលីបង់ ដោយបានសម្លាប់មនុស្សជាង១៣០នាក់ និងជាង៥ពាន់នាក់រងរបួសនោះមក បណ្ដាប្រទេសនានា នៅលើពិភពលោក បានទៅជួយប្រទេសនេះ ហើយរុស្ស៊ី ក៏បានបង្កើតមន្ទីរពេទ្យចល័ត នៅក្នុងទីក្រុងបេរូត សម្រាប់ជួយដល់ជនរងគ្រោះផងដែរ។
ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់រុស្ស៊ី បានឲ្យដឹងថា មន្ទីរពេទ្យចល័តតាមអាកាសរបស់កងឯកភាព Tsentrospas នៃក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់រុស្ស៊ី បានចាប់ផ្ដើមដំណើរការ នៅក្នុងទីក្រុងបេរូត សម្រាប់ជួយសង្រ្គោះដល់ជនរងគ្រោះ នៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្ដុកអាមម៉ូនីញ៉ូមនីត្រាត។ មន្ទីរពេទ្យនេះធ្វើការ២៤ម៉ោង សម្រាប់ជួយដល់អ្នករងរបួស ដែលត្រូវបានក្រុមអ្នកសង្គ្រោះ រុករកឃើញ ចន្លោះពីម៉ោង៨ព្រឹកដល់ម៉ោង១០យប់។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រុមជួយសង្រ្គោះរបស់រុស្ស៊ី បានចំណាយពេលយ៉ាងតិច ១២ម៉ោង សម្រាប់រៀបចំមន្ទីរពេទ្យ នៅឯពហុកីឡដ្ឋាន ជិតតំបន់គ្រោះអាសន្ននោះ។ មន្ទីរពេទ្យចល័តនេះ អាចប្រតិបត្ដិការ រយ:ពេល៣០ថ្ងៃ ហើយមន្ទីរពេទ្យនេះ អាចទទួលព្យាបាលអ្នកជំងឺចំនួន២០០នាក់ ក្នុងមួយថ្ងៃ ដោយមានគ្រែ ចំនួន៥០នាក់។ នៅក្នុងមន្ទីរពេទ្យនេះ មាន ICU, ធ្វើរោគវិនិច្ឆ័យ និងក្រុមពិគ្រោះយោបល់ ក៏ដូចជា ផ្នែក Ultrasound, X-ray និង EKG ហើយមន្ទីរពិនិត្យឈាមផងដែរ។ លើសពីនេះ មន្ទីរពេទ្យនេះក៏បានបំពាក់ឧបករណ៍វះកាត់ថែមទៀតផង។
អាជ្ញាធរលីបង់ បានបញ្ជាក់ថា ហេតុការណ៍ផ្ទុះឃ្លាំងស្ដុកសារធាតុអាមម៉ូញ៉ូមនីត្រាតនេះបានកើតឡើង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅកំពង់ផែទីក្រុងបេរូត ជិតមូលដ្ឋានកងទ័ពជើងទឹករបស់ប្រទេសលីបង់។ សារធាតុគីមីទាំងនេះ មានទម្ងន់២៧៥០តោន ត្រូវបានសមត្ថកិច្ចគយរបស់លីបង់រឹប រឹបអូសបាន កាលពីអំឡុងឆ្នាំ២០១៤ ហើយយកទៅស្ដុកចោលនៅទីនោះ រហូតដល់មានហេតុការណ៍បែបនេះកើតឡើង។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាជ្ញាធរលីបង់ កំពុងតែស៊ើបអង្កេតទៅលើករណីនេះ។ រីឯបណ្ដាប្រទេសនានា នៅលើពិភពលោកក៏កំពុងតែបញ្ជូនមន្រ្ដីជំនាញរបស់ខ្លួន និងសម្ភារទៅជួយដល់ប្រទេសលីបង់ផងដែរ៕