ក្រោយមានកិច្ចព្រមព្រៀងជាមួយក្រុមឧទ្ទាមតាលីបង់ រួចមក រហូតមកដល់ពេលនេះ រដ្ឋាភិ បាលទីក្រុងវ៉ាស៊ីនតោន រៀបចំគម្រោងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឲ្យនៅសល់ត្រឹមតែ៤ពាន់នាក់តែប៉ុណ្ណោះ ហើយគម្រោងនេះធ្វើឲ្យរុស្ស៊ីគាំទ្រយ៉ាងខ្លាំង។
លោក Alexei Zaitsev អនុប្រធាននាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេសរបស់រុស្ស៊ី បានថ្លែងយ៉ាងខ្លី កាលពីថ្ងៃទី៦ ខែសីហា ថា រដ្ឋាភិបាលទីក្រុងមូស្គូ (រុស្ស៊ី) សូមស្វាគមន៍ចំពោះគម្រោងរបស់ទីក្រុងវ៉ាស៊ីនតោន (អាមេរិក) នៅក្នុងការកាត់បន្ថយចំនួនកងទ័ព ឲ្យមកនៅសល់ត្រឹម៤០០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
កាលពីពេលកន្លងមក សហរដ្ឋអាមេរិក និងក្រុមឧទ្ទាមតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានចរចាគ្នាជាច្រើនលើកច្រើនសា មុននឹងឈានដល់កិច្ចព្រមព្រៀមនេះ។ អាមេរិកបានដាក់លក្ខខណ្ឌឲ្យក្រុមឧទ្ទាមតាលីបង់ ត្រូវបញ្ឈប់សកម្មបង្កអំពើហិង្សានានា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាសកម្មភាពអាក្រក់ណាមួយមកលើកងទ័ពរបស់អាមេរិក។ រីឯក្រុមតាលីបង់វិញ ក៏បានទាមទារឲ្យអាមេរិកដកកងទ័ពចេញពីប្រទេសនេះផងដែរ៕