ភ្នំពេញ ៖ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ឲ្យវិស័យផ្សារមូលបត្រកម្ពុជា ឬហៅដោយសាមញ្ញាថាទីផ្សារភាគហ៊ុន មានសន្ទុះខ្លាំងត្រឹមរយៈពេល៣ឆ្នាំនោះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិន ក្នុងតំបន់អាស៊ី ឲ្យចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ការខិតខំនេះបានបង្ហាញឡើងតាមរយៈ គណៈប្រតិភូរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដឹកនាំដោយលោក ហា ចុងវ័ន (Jong Weon HA) អគ្គនាយករង នៃ CSX ដោយមានការគាំទ្រពីសំណាក់ សមាគមក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ (The Association of Investment Management Companies – AIMC) កាលពីថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ បានរៀបចំធ្វើសិក្ខាសាលាមួយក្រោមប្រធានបទ «ការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា» នៅទីស្នាក់ការ AIMC ក្នុងទីក្រុងបាងកក ប្រទេសថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី១៩ ខែតុលានេះ បានបញ្ជាក់ថា «សិក្ខាសាលានេះ គឺជាគម្រោងផ្តួចផ្តើមថ្មីដោយ CSX ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយវិនិយោគិនជាស្ថាប័ននៅបរទេស ជាពិសេស គឺប្រទេសនៅក្នុងតំបន់អាស៊ីដូចជា ថៃ ម៉ាឡេស៊ី សឹង្ហបុរី សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសផ្សេងៗទៀត និងពិភាក្សាជាមួយពួកគេអំពីឱកាសវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា ដែលជាទីផ្សារថ្មីតែប្រកបដោយសក្តានុពល»។
តាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងបន្តថា ប្រទេសថៃ ជាគោលដៅដំបូងសម្រាប់រៀបចំសិក្ខាសាលានេះ ដោយក្នុងជំនួបលើកដំបូងនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា រួមជាមួយអ្នកតំណាងពីររូបរបស់សមាជិក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមកពី ក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ រូយ៉ាល់ ស៊ីឃ្យួរឹធី និងក្រុមហ៊ុនមូលបត្រយាន់តា ស៊ីឃ្យួរឹធី បានធ្វើបទបង្ហាញ និងជួបពិភាក្សាជាមួយនឹងភាគី AIMC ដែលជាសមាគមពាណិជ្ជកម្មមួយ តំណាងឲ្យសហគ្រាសគ្រប់គ្រងការវិនិយោគទុនក្នុងប្រទេសថៃ និងសមាជិកជាច្រើនទៀតរបស់ AIMC ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដូចជា មូលនិធិសង្គហៈ (Mutual funds) មូលនិធិឯកជន (Private funds) និងមូលនិធិសោធន-និវត្តន៍ (Provident funds)។
សូមជម្រាបថា សិក្ខាសាលានៅបរទេសជាលើកដំបូង សម្រាប់វិនិយោគិនជាស្ថាប័ននេះ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កានិងភាពស្និតស្នាល ដោយមានការចូលរួមពីសំណាក់ អ្នកតំណាងមកពីក្រុមហ៊ុនគ្រប់គ្រងការវិនិយោគចំនួន៧ ដែលបានចែករំលែកនូវមតិយោបល់ និងចំណាប់អារម្មណ៍របស់ពួកគេ ទៅលើអនាគតផ្សារភាគហ៊ុនរបស់កម្ពុជា។ បន្ទាប់ពីសិក្ខាសាលានេះ CSX រំពឹងថាក្រុមហ៊ុនទាំងនេះ នឹងមកវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជា នាពេលអនាគតខាងមុខនេះ ផងដែរ៕