ញូវយ៉ក ៖ ខ្លាចាស់ Mike Tyson នឹងវិលចូលសង្វៀនវិញ នាខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីប្រកួតទល់នឹងកីឡាប្រដាល់វ័យ ៥១ឆ្នាំ Roy Jones Jr ក្នុងកម្មវិធីតាំងពិព័រណ៍ប្រដាល់សកល ដែលមានតែកីឡាករចាស់ៗ ចូលរួមនៅសហរដ្ឋអាមេរិក។
តាមរយៈព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃនេះថា ការប្រកួតរវាងអតីតជើងខ្លាំងទាំងពីរខាងលើនេះ នឹងធ្វើឡើងតែ ៨ទឹកប៉ុណ្ណោះ (៣នាទី/ទឹក) ដែលធ្វើឲ្យការប្រកួតរឹតតែស្វិតស្វាញខ្លាំងឡើង និងសម្រុកគ្មានដកដៃឡើយ នៅឯសង្វៀនដែលស្ថិតក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិកនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។
នេះក៏ជាលើកទី១ ផងដែរសម្រាប់អតីតម្ចាស់ជើងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក Tyson ដែលមានវ័យ ៥៥ឆ្នាំទៅហើយនោះ ប៉ះជើងខ្លាំងដែលជាអតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក ៤សម័យកាល Roy Jones Jr បន្ទាប់ពីរូបគេ (Tyson) បានចូលនិវត្តន៍ ១៥ឆ្នាំមកហើយ ក្រោយបរាជ័យក្រោមកណ្តាប់ដៃរបស់កីឡាករអៀរឡង់ Kevin McBride ក្នុងចំណោមឡើងសង្វៀនសរុបបាន ៥៨ដងក្នុងអាជីព។
សម្រាប់គូប្រជែងដែលមានសញ្ជាតិអាមេរិកដូចគ្នា Jones វ័យ ៥១ឆ្នាំនោះ ក៏បានខកខានឡើងសង្វៀនយូរមកហើយដែរ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយយកឈ្នះគូប្រជែង Scott Sigmon រួចមកផងដែរ៕