ភ្នំពេញ ៖ បុរសម្នាក់ មកពីផឹកស៊ីជាមួយមិត្តភក្តិស្រវឹង ក៏បានចូលដេកក្នុងខ្ទមក្នុងការដ្ឋានសំណង់ លុះភ្ញាក់ឡើងក៏ប្រើប្រពន្ធឲ្យដងទឹកឲ្យផឹក តែប្រពន្ធមិនទៅ ក៏កើតចិត្តខឹងធាក់មួយជើង បណ្តាលឲ្យប្រពន្ធដួលប្រកាច់ ភ្លាមនោះក៏នាំយកទៅមន្ទីរពេទ្យ តែដោយអកុសល់ក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សុខ ឃុន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ កម្មកសំណង់ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំផ្ទះរូង ស្រុកភ្នំក្រវាញ ខេត្តពោសាត់។ ចំណែកឯប្តីមានឈ្មោះ ឆែម ងិហ៍ អាយុជាង៣០ឆ្នាំ មុខរបរ កម្មកសំណង់ដូចគ្នា មានស្រុកកំណើតនៅភូមិកណ្តាល ឃុំផ្ទះរូង ស្រុកភ្នំក្រវាញ ខេត្តពោសាត់ដូចគ្នា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាប្ដីបានទៅផឹកស្រាជាមួយមិត្តភក្កិនៅខាងក្រៅ លុះត្រឡប់មកវិញ បានចូលដេកនៅក្នុងខ្ទមសំណង់របស់ខ្លួន លុះពេលងើបឡើងមកវិញ ក៏បានប្រើប្រពន្ធរបស់ខ្លួនឲ្យទៅដងទឹកឲ្យផឹក តែប្រពន្ធមិនទៅភ្លាមនោះ ក៏មានចិត្តខឹងធាក់ប្រពន្ធមួយជើងចំកំប៉េះគូទ ក៏ដួលបូករួមជាមួយប្រពន្ធមានជំងឺប្រចាំកាយផង ក៏ប្រកាច់សន្លប់ស្ដូកស្ដឹង ភ្លាមនោះបុរសជាប្តីបានលើកប្រពន្ធដាក់លើភ្លៅរឹតទ្រូង និងបានស្រែកហៅឲ្យប្រជាពលរដ្ឋជួយដឹកយកប្រពន្ធរបស់ខ្លួនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះភ្លាមៗ តែជាអកុសលក្រោយពីដឹកទៅដល់មន្ទីរពេទ្យ ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏បានបញ្ជូនមកកាន់ទីកន្លែងកើតហេតុវិញ។
ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះមកដល់ឃាត់ខ្លួនបុរសជាប្តីយកទៅកាន់ទីបញ្ជាកការកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ។ ឯសពស្ត្រីរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ រួចរាយការណ៍ទៅខាងសមត្ថកិច្ចកោសល្យវិច្ច័យ ដើម្បីចុះមកត្រួតពិនិត្យទៅលើសពជនរងគ្រោះ។
ក្រោយពេលសមត្ថកិច្ចធ្វើកំណត់ហេតុរួច បានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ដោយឡែកបុរសជាប្តី ក្រោយពីកម្លាំងជំនាញអាវុធហត្ថខណ្ឌធ្វើការសាកសួរ រួចក៏បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕ ដោយ៖ និន សុភ័ស្ត