ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យស្រវឹង បើករថយន្តមួយគ្រឿងរេចង្កូតជ្រុលទៅបុករះម៉ូតូចំនួន ៣គ្រឿង រងការខូចខាត រួមទាំងរបួសបុរសម្នាក់ នៅវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចតាមបណ្ដោយផ្លូវទួលពង្រ (ផ្លូវ៥០ម៉ែត្រ)ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ រួមទាំងប្រពន្ធនិងកូន បានបើករថយន្តម៉ាកឡិចស៊ី RX330 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BD- 4490 បើកបរតាមបណ្ដោយផ្លូវ៥០ម៉ែត ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកន្លែងកើតហេតុ បានរេចង្កូតរថយន្តទៅបុករះម៉ូតូចំនួន៣គ្រឿង នៅនឹងមុខកន្លែងជួសជុលម៉ូតូមួយកន្លែងរងការខូចខាតយ៉ាងដំណំទាំង ៣គ្រឿង ទី១.ម៉ូតូម៉ាកហុងដាវេវអាល់ហ្វាមួយគ្រឿង ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BR-7521, ទី២.ម៉ូតូម៉ាកសង់កូរ៉េពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1A-5884 និងមួយគ្រឿងទៀត ម៉ាកឃ្លីក ពណ៌ខ្មៅលាយទឹកប្រាក់ ពាក់ស្លាកលេខ រតនគីរី 1A-8849 ដួលរងការខូចខាតទាំង៣គ្រឿង រួមទាំងត្រូវបុរសម្នាក់ រងរបួសស្រាល។
ក្រោយកើតហេតុ ម្ចាស់រថយន្តដឹងខ្លួនខុស ក៏ធ្វើការសម្របសម្រួលព្រមចេញថ្លៃការខូចខាតទៅឲ្យភាគីខាងម្ចាស់ម៉ូតូទាំង ៣គ្រឿង រួមទាំងបុរសម្នាក់ រងរបួសផងដែរ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ៖ និន សុភ័ស្ត