កំពង់ធំ៖ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម។
សូមបញ្ជាក់ថា ប្រាសាទនេះគឺជាអតីតរាជធានីឦសានបុរៈរបស់ កម្ពុជានៅមុនសម័យអង្គរ នៅចន្លោះសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៧។ជារាជធានីនៃអាណាចក្រចេនឡាមានលក្ខណៈពិសេសជាច្រើន ដែលខុសប្លែកពីប្រាសាទនានា។ តួប្រាសាទរបស់ប្រាសាទនេះ ភាគច្រើនកសាងអំពីឥដ្ឋ និងមានតួរហូតទៅដល់ ៨ ជ្រុង ដែលមិនមានទេក្នុងសិល្បៈខ្មែរសម័យក្រោយ និងនៅតាមប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងសម័យកាលនោះ។
អ្នកសិក្សាស្រាវជ្រាវ បានចុះបញ្ជីប្រាសាទ និងរចនាសម្ព័ន្ធសំណង់ប្រាសាទចំនួនជិត៣០០ ក្នុងតំបន់រមណីយដ្ឋានសំបូរព្រៃគុក។ ដែលមានបួនក្រុមធំគឺ ប្រាសាទរបងរមាស ប្រាសាទរណប កំពែងក្រុង និងក្រុមប្រាសាទសំខាន់ បីទៀត គឺប្រាសាទសំបូរ យាយព័ន្ធ និងប្រាសាទតោ។ ក្រុមប្រាសាទទាំងនោះ សាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
នៅដើមសតវត្សទី ២០ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសិក្សាស្រាវជ្រាវ និងអភិរក្សដោយជំនាញការបារាំង។ នៅឆ្នាំ ១៩៩៨ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាប់ផ្តើមការស្តារនិងការអភិរក្សរមណីយដ្ឋានសំបូរព្រៃគុកឡើងវិញ បន្ទាប់ពីតំបន់ប្រាសាទសំបូរព្រៃគុក ទទួលរងគ្រោះយ៉ាងដំណំដោយសារការទម្លាក់គ្រាប់បែក។ រហូតមកទល់ពេលនេះ ក្រសួងវប្បធម៌ បានបង្កើតសហគមន៍ដើម្បីចូលរួមក្នុងការងារជួសជុល ធ្វើកំណាយ ការការពារ និងការផ្តល់សេវាទេសចរជាប្រចាំ ៕