ក្រុមការងារប្រកាសរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិសូមជម្រាបជូនសាធារ:ណជន និងអ្នកនិយមប្រើបណ្ដាញសង្គមហ្វេកជ្រាបថា ខ្លឹមព័ត៌មាន និងរូបភាពខាងក្រោម ជាព័ត៌មានមិនពិត ជាព័ត៌មានដែលម្ចាស់គណនីហ្វេសប៊ុកផលិតបង្ហោះពុំមានមូលដ្ឋានច្បាស់លាស់ បំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ សំដៅបំណងទាញយកប្រយោជន៍ផ្ទាល់ខ្លួន ឬបក្សពួកមួយក្រុម និងក៏ដូចជាការកេងចំណេញផ្នែកនយោបាយ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅទូទាំងរាជធានី-ខេត្ត បានបញ្ជាក់ថា មកដល់ពេលនេះ នៅព្រះរាជាណាចក្រកម្ពុជាពុំទាន់មានករណីប្រជាជនខ្មែរណាម្នាក់ធ្វើអត្តឃាតដោយសារការរឹបអូសទ្រព្យសម្បត្តិដោយធនាគារឯកជន និងមីក្រូហិរញ្ញវត្ថុនោះឡើយ។
ដូច្នេះសូមសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសូមកុំមានការយល់ច្រឡំ និងចាញ់បោកការបំភិតបំភ័យណាមួយដែលមានបំណងកេងចំណេញខាងផ្នែកនយោបាយ។
យើងខ្ញុំសូមអំពាវនាវ ដល់សាធារណ:ជន អ្នកសារព័ត៌មាន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមាន។