បរទេស : ចក្រអង់គ្លេស នឹងផ្តល់មីស៊ីល ៦ពាន់ដើមដល់អ៊ុយក្រែនដើម្បីធ្វើសង្រ្គាមជាមួយរុស្ស៊ី ហើយពួកគេអះអាងថា សំពាធកំពុងតែកើនឡើងលើកងកម្លាំងរបស់ទីក្រុងម៉ូស្គូ ។នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នឹងលម្អិតពីការផ្តល់មីស៊ីលនេះ នៅកិច្ចប្រជុំកំពូលអង្គការអូតង់នាថ្ងៃព្រហស្បត៍នេះ ជាកន្លែងដែលលោកនឹងជំរុញឲ្យក្រុមមេដឹកនាំផ្សេងទៀត ផ្តល់ការគាំទ្រផ្នែកយោធាបន្ថែម ទៀតដល់អ៊ុយក្រែន។
ក្រៅពីការផ្តល់ជូនអាវុធ អង់គ្លេស នឹងផ្តល់ថវិកា ២៥លានផោនដល់អ៊ុយក្រែន ដើម្បីបើកប្រាក់បៀវត្សរ៍ដល់កងកម្លាំងប្រដាប់អាវុធពួកគេផងដែរ ។គួររំលឹកថា ចក្រភពអង់គ្លេស បានផ្តល់អាវុធប្រឆាំងរថក្រោះ ៤ពាន់ដើមរួចទៅហើយដល់អ៊ុយក្រែន ដោយអាវុធទាំងអស់នេះ អាចកាន់បាន និងបាញ់ចេញពីលើស្មា ហើយនិងមានប្រសិទ្ធិភាពខ្ពស់បំផុត ។ក្រុមមន្រ្តីលោកខាងលិច បាននិយាយថា កងកម្លាំងអ៊ុយក្រែន កំពុងប្រឈមកង្វះខាតសព្វាវុធ ហើយពួកគេអាចនឹងកាន់តែធ្ងន់ធ្ងរជាងនេះ បើសិនជាជម្លោះក្លាយជាសង្រ្គាមបង្ហូរឈាមគ្នាទៅវិញទៅមក ។
ខណៈពេលនោះដែរ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការអូតង់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន APកាលពីថ្ងៃពុធថា ទាហានរុស្ស៊ី ចន្លោះពី ៧ពាន់នាក់ដល់ ១៥.០០០នាក់ បានស្លាប់ រយៈពេល ១ខែ ក្រោយការវាយលុកមកលើអ៊ុយក្រែន ។មន្រ្តីរូបនោះ បានបន្តថា ជនជាតិរុស្ស៊ី ចន្លោះពី ៣ម៉ឺននាក់ ទៅ ៤ម៉ឺននាក់ ត្រូវបានគេគិតថា បានស្លាប់ ឬរងរបួសក្នុងសង្រ្គាមមួយនេះ ។ ប៉ុន្តែរុស្ស៊ី មិនបានផ្តល់ចំនួនស្លាប់ផ្លូវការនោះទេ ចាប់តាំងពីថ្ងៃទី ២ ខែមីនារហូតមក ពេលដែលពួកគេ និយាយថា ទាហានរបស់ខ្លួន ៥០០នាក់ បានស្លាប់ ។ដោយឡែក អ៊ុយក្រែន បានផ្តល់តួលេខទាហានស្លាប់ផ្ទាល់ខ្លួនមិនច្បាស់លាស់ដូចគ្នា ក្នុងនោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពី ២សប្តាហ៍មុនថា ទាហានអ៊ុយក្រែន ១.៣០០នាក់ បានស្លាប់ ៕