ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ បានប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃអង្គារថា គោលនយោបាយសន្តិសុខរបស់រុស្ស៊ីបានកំណត់ថា ទីក្រុងម៉ូស្គូនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើអាយុជីវិតប្រទេសជាតិទាំងមូលរងការគំរាមកំហែង។ការអះអាងបែបនេះរបស់វិមានក្រឹមឡាំង បានកើតមានឡើងបន្ទាប់ពីកាលពីខែមុន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ ហើយផ្អែកតាមបទបញ្ជានេះ ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ក៏បានដាក់កងកម្លាំងនុយក្លេអ៊ែរ រួមទាំងកងនាវាភាគខាងជើង និងប៉ាស៊ីហ្វិក ស្ថិតក្រោមកាតព្វកិច្ចត្រៀមប្រយុទ្ធផងដែរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Interfax។
ឆ្លើយតបនឹងសំណួរថាតើលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងសង្រ្គាមអ៊ុយក្រែនដែរឬទេ? លោក ឌីមីទ្រី ប៉េសកូវ បានបញ្ជាក់ដូច្នេះថា យើងមានគោលការណ៍សន្តិសុខសម្រាប់ប្រទេស ហើយជាទូទៅ ប្រសិនបើមានការគំរាមកំហែងណាមួយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ យើងនឹងឆ្លើយតបវិញដោយការប្រើប្រាស់អាវុធប្រភេទដូចគ្នានេះ៕