ចិនៈអ្នករស់រានមិនត្រូវបានរកឃើញនោះទេនៅក្នុងហេតុការណ៍ធ្លាក់របស់ក្រុមហ៊ុនអាកាសចរណ៍ចិនChinaEasternAirlinesដែលបានធ្លាក់ទៅជាមួយមនុស្ស១៣២នាក់នៅតំបន់ភ្នំទីក្រុងអ៊ូជូខេត្តភាគខាងត្បូងក្វាងស៊ី(Guangxi)ប្រទេសចិន។គួរឲ្យដឹងថាយន្តហោះBoeing737បានធ្លាក់ចូលទៅក្នុងតំបន់ភ្នំក្បែរភូមិ ម៉ូឡាង (Molang) បណ្តាលឲ្យ មានភ្លើងឆេះព្រៃផងដែរ ។ យន្តហោះមួយគ្រឿងនេះ បានហោះចេញពីទីក្រុងគុនមីង (Kunming) ទីរួមខេត្ត យុនណាន (Yunnan) ភាគនិរតីប្រទេស ចិន ឆ្ពោះទៅកាន់ទីក្រុង ក្វាងូ (Guangzhou) ខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា មនុស្ស ១៣២ នាក់នៅ លើយន្តហោះ មានអ្នកដំណើរ ១២៣ នាក់ និងអាកាសយានក៩នាក់។ក្រុមអ្នកសង្គ្រោះជាង៧៦០នាក់ បានទៅដល់កន្លែងកើតហេតុនិងបានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះនិងតាមដានបញ្ហា។ការិយាល័យដឹកជញ្ជូនទីក្រុង អ៊ូជូ បានដាក់ពង្រាយរថយន្តក្រុងចំនួន ២៩ គ្រឿង និងតាក់ស៊ី ចំនួន ៥០ គ្រឿង ដើម្បីមកទទួលយកអ្នកជំនាញ និងសមាជិកគ្រួសារ អ្នកដំណើរតាមយន្តហោះ ។
ខណៈពេលនោះដែរក្រុមហ៊ុនអាកាសចរណ៍ChinaEasternAirlinesបានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ចំពោះអ្នកដំណើរ និងអាកាសយានិក ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់នោះទេ ហើយក្រុមហ៊ុន អាកាសចរណ៍បាន និយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថាមូលហេតុនៃការធ្លាក់យន្តហោះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕