ទីក្រុងកៀវ៖ កងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងចូលទីក្រុងធំទីពីររបស់អ៊ុយក្រែនកាលពីថ្ងៃច័ន្ទ ដោយរដ្ឋាភិបាលអ៊ុយក្រែនបានធ្វើការបិទនៅរដ្ឋធានី កៀវ។ ខណះក្បួនរថយន្តរបស់រុស្ស៊ីស្ថិតនៅចម្ងាយ 40 ម៉ាយតែប៉ុណ្ណោះពីទីក្រុងកៀវ ដោយនៅក្នុងក្បួននោះមានទាំងរថក្រោះរាប់រយគ្រឿង និងរថយន្តផ្សេងទៀត ខណៈដែលកិច្ចពិភាក្សាក្នុងគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នា និងត្រូវចរចាបន្ដទៅទៀត។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទក្នុងសុន្ទរកថាវីដេអូមួយថា “ខ្ញុំជឿថាប្រទេសរុស្ស៊ីកំពុងព្យាយាមដាក់សម្ពាធ (លើអ៊ុយក្រែន) ជាមួយនឹងវិធីសាស្រ្តដ៏សាមញ្ញនេះ ដើម្បីឲ្យអ៊ុយក្រែនសុំធ្វើការចុះចាញ់ ” ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចពិភាក្សារយៈពេលជាច្រើនម៉ោងដែលបានធ្វើឡើងមុននេះទេ ប៉ុន្តែបាននិយាយថា ក្រុងកៀវមិនបានត្រៀមខ្លួនក្នុងការចុះចាញ់ និងមានភាពភ័យខ្លាចនោះឡើយ ខណះដែលភាគីទាំងសងខាងកំពុងផ្លោងគ្រាប់រ៉ុក្កែតដាក់គ្នាទៅវិញទៅមក ។
ចំពេលមានការថ្កោលទោសជាអន្តរជាតិកាន់តែខ្លាំងឡើង រុស្ស៊ីប្រឹងធ្វើការវាយលុកចូលប្រទេសអ៊ុយក្រែនកាន់តែខ្លាំងឡើងក្នុងរយៈពេលប្រាំថ្ងៃក្នុងការលុកលុយរបស់ខ្លួន ខណៈពេលដែលកំពុងប្រឈមមុខនឹងការតស៊ូដ៏ខ្លាំងក្លាដែលមិននឹកស្មានដល់នៅលើដីនៅអ៊ុយក្រែន ស្របពេលដែលសេដ្ឋកិច្ចរបស់រុស្ស៊ីកំពុងតែទទួលរងការចុះខ្សោយដូចគ្នាពីការដាក់ទណ្ឌកម្ម។សម្រាប់ថ្ងៃទីពីរជាប់ៗគ្នា វិមានក្រឹមឡាំងបានលើកឡើងពីទិដ្ឋភាពនៃសង្គ្រាមនុយក្លេអ៊ែរ ដោយបានប្រកាសថា មីស៊ីលផ្លោងអន្តរទ្វីបដែលមានសមត្ថភាពនុយក្លេអ៊ែរ នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្រោយពីមានបញ្ជារបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីចុងសប្តាហ៍។