ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចដេញតាមឃាត់ខ្លួនក្មេងស្ទាវពីរក្រុមដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ និង ១៥ នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី នៅចំណុចស្តុប យូអេង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមក្មេងស្ទាវពីរក្រុមនោះមានគ្នា៤នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងដកហូតបានម៉ូតូ ២ គ្រឿង។ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សង់សេ១២៥ ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-4008 ជិះគ្នាពីរនាក់។ ចំណែកមួយគ្រឿងទៀត ម៉ាកស៊ុយស៊ូគីឡេត ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ 1S-2018 ជិះគ្នាពីរនាក់ដែរ។ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងស្ទាវពីរក្រុម មានគ្នា ៤នាក់ ជិះម៉ូតូស្របទិសគ្នា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុ នៅភ្លើងស្តុបខាងលើ ក្រុមក្មេងស្ទាវទាំងពីរក្រុមនោះ បានដេញវាយតប់គ្នា ហើយក៏ជួបនឹងកម្លាំងសមត្ថកិច្ច។ សមត្ថកិច្ច ក៏បានឃាត់ខ្លួនក្រុមក្មេងស្ទាវនោះ ដើម្បីនាំខ្លួន មកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី៣។ក្រោយនាំខ្លួនមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ រួចរាល់ហើយ ដោយសារតែភាគីទាំងសងខាងគ្មានបង្ករបួសស្នាមអ្វីក៏ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំហើយឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕