បរទេស ៖ កាលពីដើមសប្តាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ក្នុងអំឡុងពេលនៃកិច្ចចរចាដែលនឹងប្រព្រឹត្តតាមរយៈតំណភ្ជាប់វីដេអូនៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងពិភាក្សាអំពីសង្រ្គាមវោហាសាស្រ្តរបស់អង្គការណាតូ និងស្ថានការណ៍តានតឹងនៅក្នុងអឺរ៉ុប។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានកត់សម្គាល់ថា «ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាទៅលើកិច្ចការអន្តរជាតិមួយចំនួន។ ការវិវត្តថ្មីៗនៅក្នុងកិច្ចការអន្តរជាតិនានា ជាពិសេសបញ្ហានៅទ្វីបអឺរ៉ុប ដែលឥឡូវនេះមានភាពតានតឹងខ្លាំង ហើយពិតជាតម្រូវឱ្យមានការពិភាក្សារវាងសម្ព័ន្ធមិត្តទាំងអស់ ព្រមទាំងរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង»។
លើសពីនេះទៀត លោក Peskov បាននិយាយថា ប្រទេសរុស្ស៊ីបានឃើញនូវសង្រ្គាមវោហាសាស្ត្រដ៏ឆេវឆាវទាំងពីអង្គការណាតូ និងសហរដ្ឋអាមេរិក ដែលបញ្ហានេះក៏នឹងត្រូវពិភាក្សាផងដែរ។យោងតាមអ្នកនាំពាក្យរបស់ប្រធានាធិបតីបានឱ្យដឹងថា ប្រមុខរដ្ឋទាំងពីរក៏មានគម្រោងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីដែរ។ លោក Peskov បានកត់សម្គាល់ថា «មានសំណួរជាច្រើននៅលើរបៀបវារៈនៃការពិភាក្សាអំពីវិស័យថាមពល កិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងការវិនិយោគ និងពាណិជ្ជកម្មរួមគ្នា»៕ (ប្រភព TASS )