ពលរដ្ឋអាហ្វហ្គានីស្ថាន បាននាំគ្នាសម្រុកទៅកាន់ព្រមានយន្តហោះអន្តរជាតិទីក្រុង កាប៊ុល ដែលគេជឿថាជាទីកន្លែងតែមួយគត់ មានសុវត្ថិភាព ក្រោយពីក្រុមឧទ្ទាម តាលីបង់ វាយកាន់កាប់បានប្រទេសអាហ្វហ្គានីស្ថាន ជាស្ថាពរ។ តាមរយៈរូបភាពដែលបង្ហោះដោយសារព័ត៌មានធំៗ នៅលើពិភពលោក ឃើញថា ពលរដ្ឋអាហ្វហ្គានីស្ថាន ហាក់មានការភ័យខ្លាចរស់នៅក្រោម សង្គមមួយដែលដឹកនាំដោយក្រុម តាលីបង់។
គិតត្រឹមថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១នេះ កងទ័ពសហរដ្ឋអាមេរិក នៅតែបន្តបេសកកម្ម ជម្លៀសមន្ត្រីទូត និងប្រជាជនអាមរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ អ្វីដែលគួរឱ្យស្រណោះនោះ គឺថាពលរដ្ឋអាហ្វហ្គានីស្ថាន ដែលនាំគ្នាសម្រុកទៅកាន់ព្រលានយន្តហោះអន្តរជាតិទីក្រុងកាប៊ុល បានត្រឹមមើលយន្តហោះរបស់អាមេរិក ហោះចេញពីប្រទេសខ្លួន ឆ្ងាយទៅៗ ប៉ុណ្ណោះ។
ប្រទេសអាហ្វហ្គានីស្ថាន ធ្លាក់ក្នុងដៃក្រុមសកម្មប្រយុទ្ធតាលីបង់ ក្នុងរយៈពេលដ៏ខ្លីបំផុត ហើយក្រុមឧទ្ទាមមួយនេះបានចូលដល់វិមានប្រធានាធិបតី និងរង់ចាំការផ្ទេរអំណាច។ ក្រុមតាលីបង់ នឹងអនុវត្តច្បាប់សាសនាតឹងរឹង ជាពិសេសនៅលើស្រ្តីតែម្តង នៅពេលពួកគេកាន់អំណាចពេញទី៕