ថៃ៖ មហាជនអ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសថៃផ្ទុះការភ្ញាក់ផ្អើលជាខ្លាង បន្ទាប់ពីព្រះសង្ឃថៃមួយអង្គក្នុងហ្វេសប៊ុកបានជួបបញ្ហាសុខភាពធ្ងន់ធ្ងរភ្លាមៗ បន្ទាប់ពីបានប្រើប្រាស់ទឹកសាប៊ូបោកខោអាវ លាយជាមួយទឹកលាងសម្អាតបង្គន់ ។
បើតាមព្រះសង្ឃអង្គនេះបានមានថេរដីការឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃមុននេះព្រះអង្គបានរៀបចំលាងបន្ទប់ទឹក ហើយបានយកទឹកសាប៊ូបោកខោអាវ Haiter និងទឹកលាងសម្អាតបង្គន់ម៉ាក Duck លាយបញ្ចូលគ្នា ព្រោះគិតថា ការលាយវត្ថុរាវទាំងពីរនេះចូលគ្នា នឹងមានប្រសិទ្ធភាពសំអាតកាន់តែខ្លាំង។ ប៉ុន្តែ វិធីនេះបែរជាខុស ព្រោះពេលចាក់លាយបញ្ចូលគ្នារួចហើយ ស្រាប់តែវាចាប់ផ្តើមមានក្លិនខ្លាំង ហើយក្លិនវាកាន់តែខ្លាំងឡើងៗតែម្តង។
ព្រះអង្គបន្តថា ឥទ្ធិពលនៃក្លិនរបស់វា បានធ្វើឲ្យព្រះអង្គចាប់ផ្តើមមានអារម្មណ៍ក្រហាយច្រមុះ ថប់ណែនទ្រូងខ្លាំង ដកដង្ហើមចង់ផុតម្តងៗ វិលមុខចង់ក្អួត និងនិយាយគ្មានសំឡេងចេញមក ។ បន្ទាប់ពីជួបអាការបែបនេះ គាត់ក៏បញ្ឈប់សម្អាត និងចេញពីបន្ទប់ទឹកមកក្រៅវិញ ដោយព្យាយាមស្វែងរកកន្លែងមានខ្យល់អាកាស ដើម្បីដកដង្ហើម និងអង្គុយសម្រាកមួយសន្ទុះ ហើយបន្ទាប់មក បានដាំទឹកក្តៅផឹក ហើយគិតថា ទៅដេកបន្តិច ប្រហែលនឹងធូរ ។ ប៉ុន្តែ ការគិតនេះគឺកាន់តែខុស ដោយទ្រូងរបស់គាត់ចាប់ផ្តើមអួលខ្លាំងទៅៗ ។
ដោយមានការព្រួយបារម្ភខ្លាំង ព្រះអង្គបានហៅឡាន ដឹកទៅកាន់មន្ទីរពេទ្យ Chulaongkorm តែម្តង។ ពេលមកដល់ គាត់ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ -ទីកន្លែងដែលគ្រូពេទ្យបានធ្វើការថតអេកូ, អ៊ុលត្រាសោន, ច្រោះឈាមយកពិនិត្យ និងថតកាំរស្មី X-ray ។ បន្ទាប់មក គ្រូពេទ្យបានស្នើឲ្យព្រះអង្គសឹងមួយសន្ទុះ ហើយត្រួតពិនិត្យចង្វាក់បេះដូង និងអ៊ុលត្រាសោនរៀងរាល់១ម៉ោងម្តង ។
បន្ទាប់មកអាការរបស់គាត់ចាប់ផ្តើមគ្រាន់បើឡើងវិញ គ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ការយកវត្តុរាវទាំងពីរនេះចាក់លាយបញ្ចូលគ្នា គឺទឹកលាងសម្អាតបង្គន់ និងទឹកសាប៊ូ Haiter គឺពួកវានឹងបង្កដោយបង្កើតជាសារធាតុពុលយ៉ាងខ្លាំងភ្លាមៗតែម្តង ហើយប្រសិនបើស្រូបចូលយូរ និងមិនមកជួបពេទ្យទាន់ពេលវេលា នឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតជាក់ជាពុំខាន ៕