អន្តរជាតិ៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនវិនិយោគលើការសាងសង់ផ្សារទំនើប ដ៏ល្បីរបស់ជប៉ុន Aeon Mall Co, បានប្រកាសផ្អាកគម្រោងសាងសង់របស់ខ្លួននៅក្នុងរដ្ឋធានីយ៉ាំងហ្គោន នៃប្រទេសមីយ៉ាន់ម៉ាហើយ។
តាមផែនការចាស់កន្លងមកក្រុមហ៊ុននេះនឹងត្រូវចាប់ផ្តើមបើកការដ្ឋានសាងសង់របស់ខ្លួននៅរដូវក្តៅនេះ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ដែលនៅតែបន្តកើនឡើងដោយសារតែព្រឹត្តិការណ៍រដ្ឋប្រហារតាំងពីខែកុម្ភៈរហូតមកដល់បច្ចុប្បន្ននេះ ទើបធ្វើឲ្យមានការសម្រេចចិត្តសាជាថ្មី ហើយក្រុមហ៊ុនជប៉ុនដ៏ធំមួយនេះក៏បានអះអាងដែរថានៅមិនទាន់មានផែនការថ្មីណាមួយជាក់លាក់ពីការកំណត់ពេលវេលាសាងសង់ដែលត្រូវបានដាក់ចេញនៅឡើយ។
តាមគម្រោងដំបូង ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើប Aeon Mall ដែលសហការជាមួយនឹងក្រុមហ៊ុនអ្នកវិនិយោគដ៏ធំមួយក្នុងស្រុកបានត្រៀមផែនការរួចទៅហើយក្នុងការបើកដំណើរការនូវទីតាំងផ្សារលក់រាយដែលមានទំហំធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងឆ្នាំ2023ខាងមុខនេះ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះក្រុមហ៊ុននៅមិនទាន់បានធ្វើការពិចារណាក្នុងការលុបចោលគម្រោងតែម្តងនោះទេ ប៉ុន្តែទំនងជានឹងអាចធ្វើការកែប្រែផែនការមួយចំនួនឡើងវិញដើម្បីសម្របខ្លួនឲ្យបានល្អជាងមុនទៅតាមទំនោរនៃការប្រើប្រាស់របស់អតិថិជន ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសដូចពេលបច្ចុប្បន្ននេះផង។
គួរកត់សម្គាល់ថា មកដល់ពេលនេះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅតែមិនទាន់អាចបង្ក្រាបក្រុមបាតុករប្រឆាំងរបស់ខ្លួនបានទាំងស្រុងនៅឡើយ ហើយកំពុងស្វែងរកវិធីដើម្បីកាត់ផ្តាច់ពួកគេតាមរយៈការកំណត់នៃការប្រើប្រាស់អ៊ីនធឺណេតជាដើមដោយហាក់មិនសូវខ្វល់ខ្វាយពីការប្រកាសដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់អន្តរជាតិដូចជាសហរដ្ឋអាមេរិក និងអ៊ឺរ៉ុបជាដើមនោះ៕