ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ មានករណីបុរស០២នាក់បានជិះម៉ូតូពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ដោយបានគេចវេះពីប៉ុស្ត៍ត្រួតពិនិត្យចត្តាឡីស័ក ស្រុកកំពង់សីលា ។
តាមការបញ្ជាក់បុរសទាំង០២នាក់នេះពួកគាត់ធ្វើការជាសន្តិសុខនៅក្លឹបកំសាន្ត(កាស៊ីណូ) ហុង តឹង កែង LV ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពួកគាត់ទាំង០២ទៅដល់រាជធានីភ្នំពេញ នៅវេលាម៉ោង០៨យប់ ហើយត្រូវបានអាជ្ញាធរមូលដ្ឋានសង្កាត់គោករកា បញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខណ្ឌព្រែកព្នៅ ដោយមិនអនុញ្ញាតឱ្យស្នាក់នៅក្នុងផ្ទះឡើយ។
សូមបញ្ជាក់បន្ថែមថា មនុស្សដែលត្រូវនាំទៅធ្វើចត្តាឡីស័កនេះគឺមានចំនួន០៣នាក់ រួមទាំងប្រពន្ធរបស់បុរសម្នាក់ក្នុងចំណោមអ្នកទាំង០២នាក់នោះផងដែរ៕