បរទេស៖ ក្រោយពេលមានអំពើរដ្ឋប្រហារ និងឲ្យផ្ទុះអំពើហិង្សា បាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ស្លាប់ជាង២០០នាក់នោះមក ក្រុមមេដឹកនាំយោធា បែរជាស្ដីបន្ទោសទៅលើក្រុមបាតុករថា ជាដើមហេតុនាំឲ្យមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសភាពអឺរ៉ុប។
បើតាមសារព័ត៌មានសិង្ហបុរី CNA បានផ្សាយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ថា ពួកយោធារបស់ប្រទេសមីយ៉ាន់ម៉ា ឬភូមា បានចោទប្រកាន់ក្រុមបាតុករប្រឆាំងនឹងអំពើរដ្ឋប្រហារថា ជាអ្នកបង្កអំពើហិង្សា នាំឲ្យបណ្តាប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មបន្ថែមទៀត លើបុគ្គលនិងក្រុមដែលជាប់ទាក់ទងនឹងរដ្ឋប្រហារ កាលពីខែមុន និងការបង្ក្រាបដ៏ឃោរឃៅ ប្រឆាំងនឹងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ។
លោក Zaw Min Tun អ្នកនាំពាក្យរបបគ្រប់គ្រងយោធាភូមា បានថ្លែងថា ក្រុមបាតុករចំនួន១៦៤នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សា ហើយលោកបានសម្ដែងនូវការសោកស្ដាយ ចំពោះការស្លាប់របស់ប្រជាពលរដ្ឋទាំងនេះផងដែរ។
ដោយឡែកក្រុមសកម្មជនរបស់សមាគមជំនួយអ្នកទោសនយោបាយ ហៅកាត់ AAPP បានថ្លែងថា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ហើយមន្រ្ដីរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក អំពើហិង្សា នៅក្នុងប្រទេសភូមា បានសម្លាប់មនុស្សយ៉ាងតិច២៦១នាក់។ អ្នកស្លាប់ទាំងនោះ សុទ្ធសឹងជាក្រុមបាតុករអហិង្សា ដែលគ្មានអាវុធ នៅក្នុងដៃ។
បើតាមសារព័ត៌មាន Mizzima បានរាយការណ៍ថា កាលពីថ្ងៃទី២២ ខែមីនា មានមនុស្ស៣នាក់ត្រូវគេសម្លាប់ នៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំទី២របស់ភូមា។ នៅយប់ដដែលនោះ កងសន្ដិសុខបានឆ្មក់វាយប្រហារជាច្រើនកន្លែង នៅក្នុងទីក្រុងយ៉ាំងហ្គូន បណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួស។
ដោយសារតែអំពើឃោរឃៅ និងអមនុស្សធម៌របស់ក្រុមមេដឹកនាំរដ្ឋប្រហារយោធាភូមា មានសកម្មភាពបែបនេះ ទើបអង្គការសហប្រជាជាតិ និងសហគមន៍អន្ដរជាតិ បានថ្កោលទោសយ៉ាងខ្លាំងក្លាដល់មេដឹករដ្ឋប្រហារ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានដាក់ទណ្ឌកម្មយ៉ាងខ្លាំង ហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់ប្រទេសភូមា កាន់តែខ្លាំងឡើង។
ដោយឡែក ក្រុមមេដឹកនាំរដ្ឋប្រហារយោធាវិញ បែរជាស្ដីបន្ទោសទៅលើក្រុមបាតុករ ជាអ្នកនាំឲ្យមានអំពើហិង្សាយ៉ាងឃោរឃៅ ទើបសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួន៕