បរទេស៖ សហរដ្ឋអាមេរិក បានផ្ដល់កិច្ចការពារដល់ការនិរទេសខ្លួនរបស់ជនជាតិភូមា និងជនជាតិមីយ៉ាន់ម៉ាដែលរស់នៅលើទឹកដីអាមេរិក ក្រោយពេលរងការធ្វើទុក្ខបុកម្នេញ បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមសារព័ត៌មានអាល្លឹម៉ង់ DW បានផ្សាយ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ថា រដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី១២ ខែមីនា បានសម្រេចផ្ដល់កិច្ចការពារការនិរទេសជាបណ្ដោះអាសន្ន ដល់ជនជាតិភូមា និងអនុញ្ញាតការងារដល់ប្រជាពលរដ្ឋភូមា ដែលកំពុងរស់នៅ លើទឹកដីសហរដ្ឋអាមេរិក។ អាមេរិកបានរិះគន់យ៉ាងខ្លាំងដល់ការធ្វើរដ្ឋប្រហារយោធា និងអំពើហិង្សាខាងនយោបាយ ប្រឆាំងនឹងប្រជាពលរដ្ឋ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Alejandro Mayorkas រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ដោយសារតែអំពើរដ្ឋប្រហារយោធា និងហិង្សាយ៉ាងឃោរឃៅរបស់កងកម្លាំងសន្តិសុខ មកលើជនស៊ីវិលមីយ៉ាន់ម៉ា (ឬភូមា) ធ្វើឲ្យមានវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅ នៅក្នុងតំបន់ជាច្រើន នៃប្រទេសនេះ។ ដោយសារតែបញ្ហានេះ ធ្វើឲយលោកកំណត់យកប្រទេសមីយ៉ាន់ម៉ា ក្នុងឋានៈជាអ្នកការពារជាបណ្តោះអាសន្ន ដើម្បីឱ្យពលរដ្ឋមីយ៉ាន់ម៉ា និងជនភៀសខ្លួន អាចស្នាក់នៅជាបណ្តោះអាសន្ន នៅលើទឹកដីសហរដ្ឋអាមេរិក។
ក្រោយពេលមេដឹកនាំយោធា បានរឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួន លោកស្រី អ៊ុង សានស៊ូជី (San Suu Kyi) ក្រុមប្រឹក្សារដ្ឋ និងសមាជិកគណបក្សស័ម្ពន្ធជាតិ ដើម្បីប្រជាធិបតេយ្យនោះមក ប្រជាពលរដ្ឋភូមា បានចេញមកតាមដងផ្លូវ នាំគ្នាធ្វើបាតុកម្មពាសពេញប្រទេស។ ក្រុមយោធាបានប្រើប្រាស់កម្លាំងសន្ដិសុខបង្រ្កាបយ៉ាងព្រៃផ្សៃទៅលើក្រុមបាតុករអហិង្សា បណ្ដាលឲ្យមនុស្សយ៉ាងតិចជាង៦០នាក់ស្លាប់ ហើយបន្ដសម្លាប់ប្រជាពលរដ្ឋភូមានបន្ថែមទៀត។
ដោយសារតែរដ្ឋប្រហារយោធា និងអំពើហិង្សាដ៏ឃោរឃៅបែបនេះ ធ្វើឲ្យបណ្ដាប្រទេសចំនួន១៥ នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ បានគាំទ្រនូវសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោស ចំពោះការបង្ក្រាបរបស់រដ្ឋាភិបាលយោធា ទៅលើក្រុមបាតុករអហិង្សា ក្រោយពេលរដ្ឋប្រហារ។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ សូម្បីតែប្រទេសចិន និងរុស្ស៊ី កាលពីមុនធ្លាប់តែការពារសកម្មភាពរបស់យោធាមីយ៉ាន់ម៉ា ប៉ុន្ដែនៅពេលនេះបែរជាគាំទ្រនូវសេចក្ដីថ្លែងការណ៍នោះដែរ៕