មីយ៉ាន់ម៉ា៖ ប៉ូលិសមីយ៉ាន់ម៉ាមួយចំនួន បានសម្រេចចិត្ដភៀសខ្លួនទៅប្រទេសឥណ្ឌា ដើម្បីគេចចេញពីការបញ្ជារបស់របបដឹកនាំផ្តាច់ការយោធា ដែលឱ្យបង្ក្រាបក្រុមបាតុករយ៉ាងឃោឃៅ។
បើតាមមន្ត្រីប្រចាំការនៅព្រំដែនឥណ្ឌាម្នាក់បានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះមានមន្ត្រីប៉ូលិសមីយ៉ាន់ម៉ា ប្រមាណ ៣០នាក់ បានសម្រេចបោះបង់ចោលការងាររបស់ពួកគេ និងបាននាំគ្រួសារភៀសខ្លួនចូលទៅរស់នៅក្នុងរដ្ឋ Mizoram ភាគខាងជើងនៃប្រទេសឥណ្ឌា។
ទន្ទឹមនឹងនេះ ភាគីខាងប្រទេសឥណ្ឌា បានបញ្ជាក់ថា អាជ្ញាធរឥណ្ឌានឹងផ្តល់អត្តសញ្ញាណជាជនភៀសខ្លួនស្របច្បាប់ដល់ក្រុមប៉ូលីសទាំងអស់នោះ និងក្រុមគ្រួសាររបស់ពួកគាត់ ដែលបានចូលមកដល់ក្នុងទឹកដីឥណ្ឌារួចហើយ ប៉ុន្តែឥណ្ឌានឹងបិទច្រកព្រំដែនមិនទទួលជនភៀសខ្លួនមីយ៉ាន់ម៉ាបន្តទៀតនោះទេ។
សូមជម្រាបថា ការសម្រេចរត់ភៀសខ្លួនរបស់ក្រុមប៉ូលិសមីយ៉ាន់ម៉ាទាំងនេះ ដោយសារតែមិនចង់ស្ដាប់បញ្ជារបស់របបផ្ដាច់ការយោធា ដែលបង្ក្រាបក្រុមបាតុករយ៉ាងឃោឃៅបំផុត ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ខណៈដែលយោធាបានបាញ់សម្លាប់បាតុករជាបន្តបន្ទាប់។
ក្រៅពីអ្នកស្លាប់ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់ត្រូវបានរងរបួសធ្ងន់ធ្ងរ និងត្រូវចាប់ខ្លួនផងដែរ។ យ៉ាងណាមិញ របបផ្តាច់ការយោធាបានប្រកាសថា នឹងបង្រ្កាបចលនាប្រឆាំងតវ៉ាគ្រប់រូបភាព បើប្រជាពលរដ្ឋមិនព្រមបញ្ឈប់សកម្មភាពរបស់ពួកគេ។ ចំណែកខាងពលរដ្ឋវិញ ហាក់មិនខ្លាចនឹងការគំរាមរបស់ក្រុមយោធាឡើយ ហើយពួកគេនៅតែបន្តសកម្មភាពតវ៉ាដោយឈរលើជំហរបស់ពួកគេជានិច្ច៕