រដ្ឋធានីកាថាម៉ាន់ឌូ៖ ភ្លៀងបានបង្អុរចុះមកយ៉ាងខ្លាំង បង្កឲ្យមានការបាក់ដីភ្នំបណ្ដាលឲ្យមនុស្ស១៨នាក់ បាត់បង់ជីវិត និងបាត់ខ្លួនជាង២០នាក់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងស្រុក Sindhupalchowk ខេត្ត Bagmati Pradesh នាភាគកណ្តាល ប្រទេសនេប៉ាល់។
បើតាមសារព័ត៌មានស៊ីហួរបស់ចិន ចេញផ្សាយ នៅថ្ងៃទី១៦ ខែសីហា ថា រហូតមកដល់ពេលនេះ កងកម្លាំងនគរបាល និងយោធារបស់នេប៉ាល់ កំពុងតែប្រតិបត្ដិការ ស្វែងរកអ្នកបាត់ខ្លួន នៅក្នុងហេតុការណ៍បាក់ដីនេះ។ រីឯសាកសពរបស់ជនរងគ្រោះចំនួន១៨នាក់ បានរកឃើញ ហើយប្រគល់ជូនក្រុមគ្រួសាររបស់ជនរងគ្រោះ។
អាជ្ញាធរនេប៉ាល់ បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង១៨នាក់នោះ មានកុមារ១១នាក់ ស្រ្ដី៤នាក់ និងបុរស៣នាក់។ គ្រោះថ្នាក់ធម្មជាតិនេះ បានបង្កឲ្យមានការខូចខាតនូវលំនៅឋានចំនួន៣៧ ក្នុងចំណោមលំនៅឋាន សរុបប្រមាណជិត១៧០ខ្នង នៅភូមិឈ្មោះ Lidi ដែលស្ថិតនៅតាមជ្រលងភ្នំ៕