ញូដេលី ៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ ឱ្យដឹងថា មនុស្សស្លាប់ដោយសារតែការពុលស្រាលាយ នៅរដ្ឋភាគខាងជើង ប្រទេសឥណ្ឌា បានកើនឡើងដល់ ៩៨នាក់ គិតត្រឹមយប់ថ្ងៃអាទិត្យម្សិលមិញនេះ ខណៈមនុស្សសរុប ២៥នាក់ ត្រូវបានចាប់ខ្លួន ដោយជាប់សង្ស័យក្នុងការបង្កបញ្ហានេះឡើង។
អាជ្ញាធរបានចាប់ផ្តើមរកឃើញ អ្នកពុលស្រាលាយខុសច្បាប់ នៅក្នុងរដ្ឋផាន់ចាប់ (Punjab) ភាគខាងជើងប្រទេសឥណ្ឌា កាលពីប៉ុន្មានថ្ងៃចុងសប្តាហ៍កន្លងទៅ ហើយក្នុងចំណោមមនុស្សស្លាប់ទាំង ៩៨នាក់នោះ គឺមាន ៧៥នៅក្នុងស្រុកតានថារ៉ាន (Tarn Taran) តែមួយប៉ុណ្ណោះ។ ប៉ូលិសឥណ្ឌាកំពុងតែធ្វើការស៊ើបអង្កេត និងចាប់ខ្លួនអ្នកពាក់ព័ន្ធជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ស្រាលាយខុសច្បាប់ តែងតែបង្កឲ្យមនុស្សស្លាប់រាប់រយពាន់នាក់ នៅប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ។ ព្រោះតែជីវភាពក្រីក្រខ្លាំង ប្រជាជនឥណ្ឌាចូលចិត្តផឹកស្រាលាយទាំងនោះ ដោយសារវាមានតម្លៃថោកត្រឹមតែ ១០រូពីប៉ូណ្ណោះក្នុងមួយលីត្រ (០.១៣ដុល្លារអាមេរិក) និងងាយរកទិញតាមចិញ្ចើមផ្លូវ ប៉ុន្តែវាក៏ត្រូវបានចាត់ទុក ជាផលិតផលខុសច្បាប់ផងដែរ៕