ភ្នំពេញ៖ ស្រាវជ្រាវតាមឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពស្ទាក់ផ្លូវយកកាំបិតគំរាមកាប់ប្លន់យកម៉ូតូឌ្រីមសង់២០១៨មួយគ្រឿង បានសម្រេចហើយគេចខ្លួនបាត់ កាលពីវេលាម៉ោង១១:០០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ នៅចំណុចផ្លូវបេតុង កែងដីឡូត៍ទុកចោលគ្មានលេខ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។បុរសរងគ្រោះឈ្មោះ ថាន់ ចាន់ថា បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GV-2497 លុះជិះមកដល់ចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ(ចំណុចកើតហេតុ) ស្រាប់តែមានជនសង្ស័យចំនួន២នាក់ កំពុងអង្គុយនៅចំណុចផ្លូវកែងដីឡូតិ៍គ្មានលេខនោះ (ជនសង្ស័យទី១.ឈ្មោះ អុឹម ម៉ាលី និងទី២.ឈ្មោះ ម៉ៅ) បានចេញមកស្ទាក់ម៉ូតូជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ អុឹម ម៉ាលី បានយកកាំបិតប៉័ងតោទៅគំរាមកាប់ជនរងគ្រោះ ពេលនោះជនរងគ្រោះភ័យពេកក៏បានចុះពីលើម៉ូតូរត់គេចខ្លួន ទើបឈ្មោះ អ៊ឹម ម៉ាលី បានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅ។ រហូតមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទីព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវ រកក្រុមជនសង្ស័យនោះយកមកចាត់ការតាមច្បាប់។
លុះមកដល់វេលាម៉ោង០២:២០នាទីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានហើយ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានដឹកនាំកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនបានជនសង្ស័យបានម្នាក់(ជាអ្នកធ្វើសកម្មភាព) ឈ្មោះ អ៊ឹម ម៉ាលី (ហៅម៉ាប់)ភេទប្រុស អាយុ២២ឆ្នាំ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ៅ កំពុងគេចខ្លួន។
ជនរងគ្រោះឈ្មោះ ថាន់ ចាន់ថា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GV-2497 ។ ចំណែកជនសង្ស័យមានចំនួន២នាក់៖ទី១.ឈ្មោះ អុឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួន(មានផ្ទុកសារធាតុញៀន)។ទី២.ឈ្មោះ ម៉ៅ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(គេចខ្លួន)។ជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕