ស្ទឹងត្រែង ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នំា២០២២នេះ កម្លាំងអធិការស្រុកថាឡាបរិវ៉ាត់ សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំសំអាង កំពុងចុះស្រាវជ្រាវតាមប្រមាញ់ជនសង្ស័យដែលបាញ់ប្រហារទៅលើប្រជាពលរដ្ឋកាលពីថ្ងៃទី១៣ ខែមេសា ដែលកំពុងរាំផឹកស៊ីសប្បាយអបអរឆ្នាំថ្មីធ្វើឱ្យមនុស្សពីរនាក់រងរបួសធ្ងន់។កម្លាំងសមត្ថកិច្ចកំពុងចុះស្រាវជ្រាវ ស៊ើបអង្កេត តាមប្រមាញ់ជនដៃដល់ដែលបានបាញ់ប្រហារទៅលើប្រជាពលរដ្ឋ ដែលកំពុងរាំសប្បាយអបអរឆ្នាំថ្មី ដោយប្រើអាវុធខុសច្បាប់បាញ់រះទៅលើហ្វូងមនុស្សបង្កឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរមនុស្សចំនួន២នាក់។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញារួចហើយ ទោះបីប្រឹងរត់គេចខ្លួនដល់ទីណាក៏មិនរួចខ្លួនដែរ យូរនឹងឆាប់គង់តែសមត្ថកិច្ចឃាត់ខ្លួនបាននោះទេ។ករណីបាញ់ប្រហារនេះបានកើតឡើងនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៩យប់ មុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានប្រជាពលរដ្ឋមានគ្នាប្រមាណ៥ទៅ៦នាក់បានជុំគ្នាផឹកស៊ីអបអរឆ្នាំថ្មីបណ្តាលអោយមនុស្សពីនាក់របួសធ្ងន់ នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនរងគ្រោះទី១ឈ្មោះ ម៉េស ហ៊ីន អាយុជាង៤០ឆ្នាំ ជាប្រធានយុវជន ស.ស.យ.ក ឃុំសំអាង ត្រូវគ្រាប់កាំភ្លើងចំត្រគាកខាងឆ្វេង បានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ(លោកសង្ឃ) រាជធានីភ្នំពេញ។ ទី២ឈ្មោះ ណែត ធន់ ភេទស្រីអាយុជាង៣០ឆ្នាំ ជាស្ត្រីមេម៉ាយរងរបួសដៃខាងស្ដាំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។ករណីបាញ់បោះនេះ សមត្ថកិច្ចបានរកឃើញសំបកគ្រាប់ប្រភេទអាកាចំនួន៣គ្រាប់ ក្នុងនោះមានមួយគ្រាប់បាញ់មិនផ្ទុះជាវត្ថុតាំង និងកំពុងធ្វើតាមដានជនសង្ស័យដែលគេចខ្លួនចេញពីភូមិដើម្បីឈានទៅចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់៕