ឧត្តរមានជ័យ៖ សត្វខ្ទីងឈ្មោល ១ក្បាល បានដេញវ័ធ អ្នកភូមិចំនួន ៣នាក់ បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល ខណ:កំពុងកាប់ដើមដំឡូងមីនៅក្នុងចម្ការរបស់ខ្លួន កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ប្រជាពលរដ្ឋរងគ្រោះដោយសារសត្វខ្ទីងដេញវ័ធ បណ្តាលឱ្យរងរបួសមានឈ្មោះ យន់ វឿភេទប្រុសអាយុ៥៤ឆ្នាំ រងរបួសធ្លាយភ្លៅខាងស្តាំ ឈ្មោះ ស្នែ ខៀវអាយុ៥៥ឆ្នាំភេទស្រីរងរបួសដៃខាងស្ដាំរស់នៅភូមិថ្នល់បត់និងឈ្មោះ ទីគ្រឹងភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិគូរឃុំស្រុកជាមួយគ្នារងរបួសក្រោមជង្គង់ខាងស្តាំ។ក្រោយកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត។
ប្រភពពីជនរងគ្រោះ បានឱ្យដឹងថា សត្វខ្ទីងឈ្មោលមួយក្បាលនេះ ពួកគាត់សង្ស័យជាសត្វខ្ទីងនៅក្នុងព្រៃខាង ប្រទេសថៃដែលបានឆ្លងព្រំដែនចូលមកកម្ពុជាហើយមកពួនសំងំដេកនៅក្នុងចម្ការរបស់ពួកគាត់មិនដឹងតាំងពីពេលណាទេ។ក្នុងតំបន់នោះមិនមានសត្វព្រៃប្រភេទខ្ទីងរស់នៅទេដោយសារព្រៃឈើនៅតំបន់នោះបានប្រែក្លាយជាស្រែចម្ការពលរដ្ឋអស់ហើយ។ពាក់ព័្ធនឹងករណីនេះ លោក អ៊ឹង សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៣០ ខែមីនាកម្លាំងជំនាញនិងកម្លាំងសមត្ថកិច្ចកំពុងហ៊ុមព័ទ្ធរង់ចាំដើម្បីចាប់សត្វឆ្អឹងនោះដោយឱ្យកម្លាំងអភិរក្សសត្វព្រៃភ្នំតាម៉ៅចុះទៅធ្វើការងារនេះ។ប៉ុន្តសត្វខ្ទីងមួយក្បាលនេះត្រូវបានក្រុមអាជ្ញាធរថៃបានស្នើសុំយកទៅប្រទេសខ្លួនវិញ៕