ភ្នំពេញ ៖ សន្តិសុខម្នាក់ មានវិបត្តិផ្លូវចិត្ត ដោយសារតែសង្សារចោទប្រកាន់ថា គាត់ទៅដេកជាមួយស្រី ដើម្បីបញ្ជាក់ចិត្តស្មោះ ក៏ជិះកង់បីមកលើស្ពានជ្រោយចង្វារ ដើម្បីលោតទឹកសម្លាប់ខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋជួយទាន់ពេលវេលា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមសម្ដីរបស់បុរស ដែលជាសន្ដិសុខរូបនេះ បានអះអាងថា គាត់នៅខេត្តកំពត បានឡើងមកភ្នំពេញ ធ្វើការជាសន្ដិសុខឲ្យគេ ទើបតែបានបីថ្ងៃប៉ុណ្ណោះ លុះដល់ថ្ងៃកើតហេតុ ទូរសព្ទគាត់អត់មានសេវា សង្សារគាត់ក៏តេមិនចូល ទើបឈ្លោះគ្នា ហើយខាងស្រីថា គាត់ទៅដេកជាមួយស្រីផ្សេងបានតេមិនចូល ធ្វើឲ្យបុរសសន្ដិសុខរូបនេះ ខំនិយាយបកស្រាយយ៉ាងណា ក៏ខាងស្រីនៅតែមិនជឿ ទើបគិតខ្លី ចង់បញ្ជាក់ចិត្តស្មោះ ក៏យកទូរសព្ទទៅដាក់បញ្ចាំ បានលុយ ២០ដុល្លារ ទិញស្រា២ដបផឹក ហើយក៏ជិះកង់បី មកស្ពានជ្រោយចង្វារ ដើម្បីសម្លាប់ខ្លួន តែរៀបនឹងលោតទៅហើយ ក៏មានបងប្អូនប្រជាពលរដ្ឋឃើញ ជួយឃាត់ទាន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់ទីតាំងខាងលើ និងបាននាំខ្លួនបុរសជាសន្ដិសុខរូបនេះ ទៅកាន់ប៉ុស្ដិ៍ដើម្បីសួរនាំ និងធ្វើការណែនាំកុំឲ្យធ្វើបែបនេះទៀត និងបានទំនាក់ទំនងឲ្យក្រុមគ្រួសារមកទទួលយកទៅកន្លែងវិញ ៕