ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នារីវ័យក្មេង២នាក់កំពុងជិះម៉ូតូចេញពីកោះពេជ្រក្នុងគោលបំណងត្រលប់ទៅផ្ទះវិញ ស្រាប់តែត្រូវក្រុមជនសង្ស័យជិះម៉ូតូដេញតាមធ្វើសកម្មភាពឆក់យកទូរស័ព្ទ Iphone 6 រួមជាមួយនឹងឯកសារមួយចំនួនទៀតយកទៅបាត់ដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចឡើយ នៅចំណុចក្បែរក្លិបកម្សាន្តភ្នំពេញស្ប៉ត ផ្លូវលេខ៤៦៤ កែងផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះសុខ ស្រីណាត ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅម្តុំបឹងត្របែក ខណ្ឌចំការមន ។ សម្ភារដែលបាត់បង់មានទូរស័ព្ទដៃម៉ាក Iphone 6មួយគ្រឿង, កាត់ចាក់វ៉ាក់សាំង១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក និងកាតគ្រីម៉ូតូ១សន្លឹកដែលមានស្លាកលេខ ស្វាយរៀង 1M-7594 ដាក់នៅជាមួយនឹងស្រោមទូរស័ព្ទ។ ចំណែកនារីម្នាក់ទៀតដែលជាអ្នកបើកម៉ូតូសុំមិនបញ្ចេញឈ្មោះ ។
មុនពេលកើតហេតុ ពួកនាងមានគ្នា២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1M-7594 ឌុបគ្នាចេញពីកោះពេជ្រ ក្នុងគោលបំណងត្រលប់ទៅផ្ទះវិញ នៅម្ដុំបឹងត្របែក ខណ្ឌចំការមន ហើយពេលនោះដោយសារតែពួកនាងចង់ទិញរបស់ញំាបន្ថែមទៀតក៏បានជិះម៉ូតូកាត់តាមផ្លូវលេខ៤៦៤ មកដល់ផ្លូវលេខ២៧១ ជិតក្លិបកម្សាន្ត ភ្នំពេញស្ប៉ត ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៥នាក់ជិះម៉ូតូ២គ្រឿង ក្នុងនោះមានម៉ូតូហុងដាឌ្រីម១គ្រឿង និងម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកតាមពីក្រោយពួកនាងហើយក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទ Iphone 6 របស់គាត់ដែលកាន់ជាប់នៅនឹងដៃបានសម្រេច ហើយក៏នាំគ្នីគ្នាជិះរត់ទៅផ្លូវលេខ២៧១ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ ភ្លាមៗនោះពួកនាងបានស្រែកថាចោរៗ តែគ្មានអ្នកណាម្នាក់ជួយដេញតាមសោះ ដោយពួកនាងជិះម៉ូតូដេញតាមដែរ តែតាមមិនទាន់ ដោយជនសង្ស័យទាំងនោះបានជិះឡើងលើស្ពានអាកាសស្ទឹងមានជ័យគេចខ្លួនបាត់ស្រមោលទៅ។ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋជួយជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូងទី២ រួចជិះម៉ូតូចេញពីប៉ុស្តិ៍ត្រលប់ទៅផ្ទះវិញទាំងក្ដីអស់សង្ឃឹម ៕