មណ្ឌលគិរីៈកាលពី ថ្ងៃទី២៨ កុម្ភៈ ២០២២ នៅត្រង់ចំណុចអូរថ្មី ភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ និងបានបញ្ជូនមកដល់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃ ដដែលនេះ ។ជនសង្ស័យ១នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ខេត្តក្រចេះ ឃាត់ខ្លួនបានហើយ ក្រោយពេលជនសង្ស័យរូបនេះ បានធ្វើសកម្មភាពប្លន់យកលុយ និងគ្រឿងអលង្ការ មួយចំនួន និងថែមទាំងវាយ អាករសម្លាប់ជនរងគ្រោះទៀតផង នៅភូមិអន្ទ្រងសាមគ្គី សែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពវាយ និងអារកសម្លាប់ជនរងគ្រោះ ឈ្មោះ វេង ភា ភេទស្រី អាយុ៥១ឆ្នាំ កាលពីវេលាម៉ោង ២០:០០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ ដើម្បីយកលុយ និងគ្រឿងអលង្ការមួយចំនួន នៅចំណុច ភូមិអន្ទ្រងសាមគ្គីសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីលួចយក គ្រឿងអលង្ការ និងលុយមួយចំនួន ។
ក្រោយធ្វើសកម្មភាពរួចហើយ ជនសង្ស័យ ក៏បានគេចខ្លួន តែត្រូវកម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ សហការគ្នា ឃាត់ខ្លួនជនសង្ស័យបាននៅប៉ុន្មានម៉ោងក្រោយមក។ ជនសង្ស័យ ឈ្មោះ ថន សិទ្ធធាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ជនសង្ស័យរូបនេះ បានសារភាពថា មូលហេតុ ដែលគេធ្វើសកម្មភាពសម្លាប់ និងលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ព្រោះគេត្រូវការលុយ ដើម្បីធ្វើសោហ៊ុយ ទៅជួបមិត្តស្រី នៅភ្នំពេញ ។ជនសង្ស័យ បានសារភាពទៀតថា ខ្លួនបានយកអង្រែបុកគ្រឿង វាយក្បាលជនរងគ្រោះពីក្រោយចំនួន៥អង្រែទើបជនរងគ្រោះដួលទៅនឹងដី រួចខ្លួនបានជាន់ពីលើខ្នងជន រងគ្រោះយកកាំបិតអារកជនរងគ្រោះពីក្រោយត្រង់ក្រោមត្រចៀកបណ្តាលអោយដាច់ហូរឈាម ស្លាប់នៅកន្លែងកើតហេតុរួចជនសង្ស័យបានដោះយកគ្រឿងអលង្ការនិងលុយរបស់ជនរងគ្រោះ រួចជិះម៉ូតូ រត់គេចខ្លួនតែម្តង ។
សមត្ថកិច្ច ចាប់យករួមមាន -ម៉ូតូម៉ាកហុងដា វ៉េវ អាល់ហ្វា ពណ៌ខ្មៅ ចំនូន១គ្រឿង -លោហៈធាតុ ពណ៌លឿង មានខ្សែក២ខ្សែ ខ្សែដៃ២ខ្សែ កងដៃ២កង ចិញ្ចៀន២វង់ -កាបូបដៃមនុស្សស្រី ចំនួន១ -ប្រាក់ខ្មែរ ចំនួន ៦៩៥.០០០ រៀល -ប្រាក់វៀតណាម ចំនួន ៥.០០០ ដុង និង-ប្រាក់ថៃ ចំនួន ១០០ បាត ។នៅរសៀលថ្ងៃទី២៨ កុម្ភៈនេះ ជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួន នៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី ដើម្បីបញ្ជូនបន្ត ទៅសាលាដំបូង ខេត្តមណ្ឌលគីរី ៕