ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់ម៉ូតូដេញស្ទាក់ចាប់បានប្រគល់ទៅឲ្យប៉ូលិសចរាចរណ៍ក្រុង ដែលកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក កាលពីវេលាម៉ោង២និង១៥នាទី រសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចស្តុបចេនឡា សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកេង ក្រោយជនសង្ស័យនេះ និងបក្ខពួកម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿងឌុបគ្នាទៅធ្វើសកម្មភាពលួចកាច់កម៉ូតូមួយគ្រឿង នៅចំណុចផ្លូវបេតុង មួយកន្លែងនៅក្រុមទី១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញសមត្ថកិច្ចបានឲ្យដឹង ជនសង្ស័យខាងលើមានឈ្មោះ សា រ៉ាត់ អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ម៉ូតូបានចតម៉ូតូមួយភ្លែត ចូលទិញប្រហិត នៅចំណុចម្តុំបឹងសាឡាង ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូសេ១២៥មួយគ្រឿង ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IQ-1609 បានដឹកគ្នាមកធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះ ចៃដន្យម្ចាស់ម៉ូតូបានឃើញទាន់ បានស្រែកឆោរឡោផ្អើលអ្នកដំណើរ និងប្រជាពលរដ្ឋដែលនៅក្បែរនោះ នាំគ្នាជួយដេញស្ទាក់ចាប់បានជនសង្ស័យម្នាក់ ប្រគល់ឲ្យប៉ូលិសចរាចរណ៍ ដែលកំពុងឈរជើងអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក។ ចំណែកបក្ខពួកម្នាក់ទៀត បានផ្តួលម៉ូតូចុះរត់គេចខ្លួនបាត់ស្រមោល។ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុង បានប្រគល់ជនសង្ស័យឲ្យទៅកម្លាំងនគរបាលសង្កាត់បឹងសាឡាង ដឹកយកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា រូបគេបានជិះម៉ូតូឌុបគ្នាចេញពីសង្កាត់ពងទឹក ខណ្ឌដង្កោ មកសុំលុយម្តាយជនសង្ស័យដែលជាបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួនបាត់នោះ ខណ:ពេលមកដល់ចំណុចខាងលើ ជនសង្ស័យទាំង២នាក់ ឃើញម៉ូតូជនរងគ្រោះចតមុខតូបលក់ប្រហិត ក៏បានចុះពីលើម៉ូតូរបស់បក្ខពួករបស់ខ្លួនមកលួចកាច់កម៉ូតូជនរងគ្រោះតែម្តងទៅ។បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី៕