ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូរអិលដួលខ្លួនឯង បោកក្បាលនៅនឹងថ្នល់ស្លា.ប់យ៉ាងអាណោចអាធ័ម។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ឈួន វឌ្ឍនា ភេទប្រុសអាយុ២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។យោងតាមប្រភពពីបុរសម្នាក់នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូម៉ាកហុងដាមូ ពណ៌កាប់ស្តាំង មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1HF3206 ជិះតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់ ក្នុងល្បឿនលឿន បានរេចង្កូតរអិលដួលបោកក្បាលនៅនឹងថ្នល់ស្លា.ប់នៅនឹងកន្លែង កើតហេតុ យ៉ាងអាណោចអាធ័ម បន្ទាប់មកក៏ពលរដ្ឋជិតខាងរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យភ្លាមៗ។ក្រោយពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ក៏វាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ រួចឆែករកអត្តសញ្ញាណ ទៅលើសពជនរងគ្រោះ ក៏បានទាក់ទងទៅក្រុមគ្រួសារ មកទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕