កំពត៖ អគ្គិភ័យបានឆាបឆេះទូកទេសចរណ៍មួយគ្រឿងនៅក្រុងកំពត បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ និងអ្នកក្រុងកំពតកាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។ ករណីនេះបានកើតឡើងត្រង់ចំណុចចំណតទូកដឹកភ្ញៀវទេសចរ ស្ថិតក្នុងទឹកដីភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។នៅនឹងកន្លែងកើតហេតុ លោកវរសេនីយ៍ឯក ហោ វណ្ណា អធិការនគរបាលក្រុងកំពត បានឱ្យដឹងថា នាវេលាម៉ោង៨:៣០នាទី យប់ថ្ងៃទី៦ ខែកុម្ភៈ លោកបានទទួលព័ត៌មានស្តីអំ ពីករណីភ្លើងឆាបឆេះទូកទេសចរណ៍ឈ្មោះ វីបូឡា ពេលបម្រុងដឹកភ្ញៀវកម្សាន្តក្នុងដងព្រែកកំពង់បាយ។ ភ្លាមៗ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដើម្បីសុំកម្លាំងជំនួយ និងរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ក្នុងករណីនេះ។ ដោយចំណាយពេលជាងមួយម៉ោង ដោយការប្រើប្រាស់រថយន្តពីរគ្រឿងរបស់ស្នងការដ្ឋានចំណាយទឹកអស់ ៣ស៊ីទែន ភ្លើងក៏បានរលត់ទៅវិញជាស្ថាពរ។
លោកអធិការបានបន្តថា តាមរយៈការសួរនាំមេការទូក វីបូឡា ដែលកំពុងមានភាពតក់ស្លុតបានប្រាប់ថា ពេលកើតហេតុការណ៍នោះ អ្នកបម្រើការងារម្នាក់បានចុះទៅក្នុងឃ្លុបបញ្ឆេះម៉ាស៊ីនភ្លើងបំភ្លឺដើម្បីចេញដំណើរជូនភ្ញៀវលម្ហែកម្សាន្ត។ ស្របពេលនោះស្រាប់តែភ្លើងចាប់ឆាបឆេះអាចបណ្តាលមកពីមានប្រេងកំពប់ក្បែរម៉ាស៊ីនទើបស្រែកប្រាប់ភ្ញៀវឱ្យនាំគ្នាចាកចេញពីទូកភ្លាមៗ។លោក ហោ វណ្ណា បានបញ្ជាក់ថា នេះគ្រាន់តែជាការបញ្ជាក់បឋមពីអ្នកមើលការងារទូកកើតហេតុប៉ុណ្ណោះ ប៉ុន្តែរឿងពិតយ៉ាងណានោះ សមត្ថកិច្ចនឹងតាមដានស្រាវជ្រាវបន្តទៀត។ ចំណែកទំហំនៃការខូចខាតក៏មិនទាន់អាចប៉ាន់ប្រមាណដឹងនៅឡើយទេ។ រីឯភ្ញៀវទេសចរ ក៏ដូចជាអ្នកបម្រើការងារនៅលើទូកទាំងអស់មិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ក្នុងករណីនេះទេ៕