ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តបោះពួយក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្នបានធ្លាក់ចូលក្នុងអូរប្រូង បណ្តាលឲ្យអ្នកបើកបរឈ្លក់ទឹកស្លាប់ យ៉ាងអាណោចអាធ័មនៅក្នុងរថយន្ត។ករណីនេះ បានកើតមានឡើងនៅម៉ោង ០៧ និង២០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវ (វិថីមិត្តភាព) ត្រង់ចំណុច ស្ពានចម្រោះទឹកស្អាត ក្រោយបន្ទាយប៉េអឹម ស្ថិតនៅក្នុងភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តដែលបើកធ្លាក់ទឹកអូរនេះ ម៉ាក ឡិចស៊ីស៣០០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8824 អ្នកបើកបរ ឈ្មោះ YU JINYUE ភេទប្រុស ជនជាតិចិន កើតថ្ងៃ ០៨/០២/១៩៩២ (អាយុ ៣០ឆ្នាំ) កាន់លិខិតឆ្លងដែនលេខ E 75931456 ផុតសុពលភាព ១៦/០៦/២០២៦ ។សមត្ថកិច្ច បានសន្និដ្ឋានថា រថយន្តបើកបរក្នុងល្បឿនលឿន ហើយមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតធ្លាក់ចូលអូរ ខាងក្រោមស្ពាន ហើយជនរងគ្រោះមិនអាចជួយសង្គ្រោះអាយុជីវិតបាននោះទេ ព្រោះគេមិនដឹងថា ជនរងគ្រោះបើករថយន្តធ្លាក់ទឹកតាំងពីពេលណាផងនោះ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះអន្តរាគមន៍ ធ្វើស្រង់យករថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រីឯសាកសពជនរងគ្រោះ សមត្ថកិច្ចបញ្ជូនទៅតម្កល់រក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំក្រុមគ្រួសារមកទទួលយកទៅចាត់ចែងបន្ត៕