ខេត្តកំពង់ចាម ៖ ឃាតកដែលប្រើកាំបិត ខ្វែវកាប់ទៅលើយុវជនរងគ្រោះម្នាក់បណ្តាល អោយដាច់ខ្យល់ស្លាប់កាលពី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ប្រព្រឹត្តនៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ហើយរត់គេចខ្លួនបានប្រមាណជាង២០ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចនៃខេត្តកំពង់ចាមសហការជាមួយសមត្ថកិច្ចនៃខេត្តស្វាយរៀងចាប់ឃាត់ខ្លួនបានហើយ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទីនេះ ។ ក្រោយហេតុការណ៍កើតឡើងភ្លាមលោកបានចាត់តាំងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជា មួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាធាយ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញាបានចំនួន០១នាក់ ឈ្មោះ ឆេន ឆៃវុត ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មានទីលំនៅ ភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយខេត្តកំពង់ចាម ដែលបានរត់គេចខ្លួន ហើយបានបន្ទាប់ពីធ្វើសកម្មភាពរួច ។
ដោយមានកិច្ចសហប្រតិបត្តិការល្អ ពីកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង រហូតនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី សមត្ថកិច្ចយើងបានធ្វើការសហការស្រាវជ្រាវចាប់ខ្លួនឈ្មោះ ឆេន ឆៃវុត បាននៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមអំណាចដីកាបញ្ជាឲ្យចូលខ្លួនលេខ១៥ អ.យ.គ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ចេញដោយលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង
ខេត្តកំពង់ចាម (ដោយក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបខាងលើ ធ្វើឡើងក្នុងរយះពេល២០ថ្ងៃប៉ុណ្ណោះ) ។ក្រោមការសួរចម្លើយ ឈ្មោះ ឆេន ឆៃវុត បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ ញ៉ វិត ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ពិតប្រាកមែន (មូលហេតុធ្លាប់មានទំនាស់ជាមួយគ្នា ពេលលេងបាល់ កាលពីរយះពេល០២ខែមុន)។ឈ្មោះ ឆេន ឆៃវុត ត្រូវបានបញ្ជូនទៅកាន់អយ្យការអម សាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕