ភ្នំពេញ ៖ យុវតីស្រស់ស្អាតម្នាក់ មានចិត្តស្រលាញ់ការសិក្សារៀនសូត្រណាស់ តែគួរសោកស្តាយឪពុកម្តាយរបស់នាង បែរជាហាមកូនស្រីមិនឲ្យទៅរៀនវិញ មិនដឹងថា ពួកគាត់គិតឃើញយ៉ាងម៉េចឡើយ ទើបធ្វើឲ្យយុវតីរូបនោះ ឈឺចិត្តស្អិតទ្រូង រហូតគិតខ្លីចង់បញ្ចប់ជីវិតខ្លួនឯង តែសំណាងល្អ ត្រូវបានគេប្រទះឃើញ និងជួយសង្រ្គោះទាន់ពេលវេលា។ករណីយុវតីស្រស់ស្អាតប៉ុនប៉ងសម្លាប់ខ្លួននេះ បានកើតឡើងនៅវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារត្រើយខាងលិច ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។យុវតីគិតខ្លីរូបនេះ មានឈ្មោះចន ស្រីណន ហៅម៉ៅ អាយុ១៨ឆ្នាំ សព្វថ្ងៃជាសិស្សរៀនថ្នាក់ទី១១ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំពេញថ្មី មានស្រុកកំណើត នៅខេត្តស្វាយរៀង ។ បច្ចុប្បន្ន ស្នាក់នៅជាមួយ ឪពុកម្ដាយ នៅខណ្ឌសែនសុខ។ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញក្មេងស្រីរងគ្រោះខាងលើជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរពីរង្វង់មូលគួចកាណុង ហើយឲ្យអ្នកបើកម៉ូតូកង់បីឈប់ រួចនាងដើរឡើងមកលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ ដោយដើរបណ្ដើរយំបណ្ដើរ ហើយដៃរបស់នាងមានកាន់ទូរស័ព្ទមួយគ្រឿង ខណៈពេលមកដល់ពាក់កណ្ដាលស្ពាន ក៏ឈប់ហើយយកដៃកាន់តោងបង្កាន់ដៃស្ពានបំណងលោតសម្លាប់ខ្លួនចូលក្នុងទឹកទន្លេ តែសំណាងល្អ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ប្រទះឃើញ និងនាំគ្នារត់ទៅចាប់នាងទាន់ ហើយរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍។
សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការសាកសួរយុវតីរូបនេះ តែនាងមិនព្រមនិយាយស្ដីអ្វីទេ គឺតែពីស្រែកយំកាន់តែខ្លាំងឡើង ទើបសមត្ថកិច្ចសម្រេចចាប់នាងដាក់លើម៉ូតូ រួចដឹកយកទៅកាន់ប៉ុស្តិ៍ស្រះចក ដើម្បីធ្វើការសួរនាំនិងអប់រំទៅដល់រូបនេះកុំឱ្យគិតខ្លីបែបនេះបន្តទៅទៀត រហូតនាងស្ងប់អារម្មណ៍ ទើបនិយាយប្រាប់លេខទូរស័ព្ទឪពុកម្ដាយទៅដល់សមត្ថកិច្ច ព្រមទាំង មូលហេតុដែលនាង គិតខ្លីចង់សម្លាប់ខ្លួននេះ គឺដោយសារខឹងនឹងឪពុកម្តាយ មិនឲ្យនាងទៅរៀនសូត្រ ខណៈពេលនេះ នាងកំពុងតែរៀនចេះ និងស្រលាញ់ការសិក្សាខ្លាំងណាស់។សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីបានទទួលទូរស័ព្ទឪពុកម្ដាយដែលក្មេងស្រីបានប្រាប់នោះហើយ សមត្ថកិច្ចធ្វើការទាក់ទងទៅឪពុកម្ដាយ ឲ្យមកទទួលយកនាងពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកទៅផ្ទះវិញទាំងទឹកភ្នែករលីងរលោង៕\