ខេត្តបាត់ដំបង ៖ ក្មេងស្រីអភ័ព្វអាយុ៩ឆ្នាំម្នាក់ ត្រូវម្តាយចិញ្ចឹមវាយធ្វើទារុណកម្មរាល់ថ្ងៃ ដោយ១ថ្ងៃៗ មិនក្រោម១០០រំពាត់ទេ និងគំរាមនាងមិនឲ្យនិយាយប្រាប់អ្នកជិតខាងឡើយ តែបើមានអ្នកមកសួរនាំរឿងស្នាមរបួសលើរាងកាយ ត្រូវបា្រប់គេថា ត្រូវឆ្មាខ្វាច និងដើរបុកទ្វារ បើមិនចង់ត្រូវទារុកម្មធ្ងន់ជាងនេះ ។ទោះយ៉ាងណា ទង្វើដ៏សាហាវឃោរឃៅនេះ ត្រូវបែកធ្លាយដល់សមត្ថកិច្ច កាលពីល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបមានការជួយអន្តរាគមន៍ដល់ក្មេងស្រីអភ័ព្វរូបនោះ។កុមារីរងគ្រោះដែលទទួលអំពើទារុណកម្មពីម្តាយចិញ្ចឹមនេះ មានឈ្មោះ ចន្ធី លីហ្សា អាយុ៩ឆ្នាំ ។ ចំណែក ស្រី្តជាម្តាយចិញ្ចឹមចិត្តអប្រិយ មានឈ្មោះ អ៊ឹម សុគន្ធីអាយុ៥៧ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងថា កុមារីរងគ្រោះខាងលើត្រូវម្តាយចិញ្ចឹមទៅសុំពីខាងឪពុកម្តាយបង្កើតដែលមានជីវភាពខ្វះខាតនៅមន្ទីរពេទ្យតាំងពីនាងមានអាយុ០៣ឆ្នាំមកម្ល៉េះ ។ តែស្រ្តីជាម្តាយចិញ្ចឹមមិនសូវជាពេញចិត្តក្មេងនោះប៉ុន្មានទេ គឺតែងតែធ្វើបាបស្ទើររាល់ថ្ងៃដោយថ្ងៃខ្លះវាយធ្វើបាបរហូតជាង១០០រំពាត់ក៏មាន និងមានពេលខ្លះវាយផង បាញ់នឹងចម្ពាមកៅស៊ូផង ដែលជាទង្វើឃោឃៅបំផុត។ លុះបែកធ្លាយទង្វើដ៏ព្រៃផ្សៃនេះ ទើបមានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍។
ស្រ្តីឈ្មោះអ៊ឹម សុគន្ធី ជាម្តាយចិញ្ចឹមរបស់ក្មេងរងគ្រោះបានទទួលស្គាល់ទង្វើរបស់ខ្លួនដែលមិនអាចប្រកែកបានហើយប្រាប់ថា រយៈពេលកន្លងមកខ្លួនធ្លាប់បានវាយធ្វើបាបមែន ហើយធ្លាប់បានយកកុមារីរងគ្រោះដែលជាកូនចិញ្ចឹមឱ្យទៅគេម្តងដែរ តែត្រូវបានប្ដីគាត់ទៅយកមកវិញ។ជុំវិញករណីអំពើហិង្សាខាងលើ លោក ពេជ្យ សារ៉ែម អធិការក្រុងបាត់ដំបង បានបញ្ជាក់ថា នៅ ចំពោះមុខគ្រាន់តែធ្វើការណែនាំដល់ស្ត្រីដែលជាម្តាយចិញ្ចឹមសិន ដោយរង់ចាំចំណាត់ការពីខាងមន្ត្រីជំនាញរដ្ឋបាលសាលាក្រុងសិន ថាតើគួរមានវិធានការបែបណា ចំពោះស្រ្តីជាម្តាយចិញ្ចឹមរូបនោះ៕