ខេត្តពោធិ៍សាត់ ៖ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានឃាតកប្លន់សម្លាប់ដោយកាប់៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចយកសម្ភារៈមួយចំនួនធំ គេចខ្លួនបាត់ស្រមោល ដែលករណីនេះត្រូវបានគេសង្ស័យថា អាចជារឿងគំនុំ។ករណីមនុស្សឃាតនេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨ និង៣១យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកវាលវែង នៅចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ជនរងគ្រោះមានឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ មុខរបរមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន៧កាំបិត បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង (ក្នុងបន្ទប់លើគ្រែ)។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ដោយយកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 1I.9761, ទូរស័ព្ទដៃអាយហ្វូន ០៣គ្រឿង និងចិញ្ចៀនពេជ្រ០១វង់។
ក្រោយពីធ្វើកោសល្យវិច័យរួចរាល់ សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក ជនដៃដល់ជាឃាតក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួននាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕