ភ្នំពេញ ៖ ប្រទះឃើញបុរសម្នាក់បាត់បង់ជីវិតនៅក្នុងទឹកស្រះ សង្ស័យតែគាត់ស្រវឹងស្រាធ្លាក់ចូលទៅក្នុងទឹក។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្រះទឹកមួយកន្លែង នៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពបុរសដែលធ្លាក់ទឹកខាងលើមានឈ្មោះ ឌុច រដ្ឋា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ គេតែងតែឃើញបុរសខាងលើនេះ ផឹកស្រាស្រវឹងជាប្រចាំស្ទើរតែជារៀងរាល់ថ្ងៃ ទើបតែរយៈពេល៣ថ្ងៃចុងក្រោយ មុនពេលបាត់ខ្លួននៅថ្ងៃអាទិត្យទី៣១ ខែតុលាឆ្នាំ២០២១ កន្លងទៅនេះ ក្រុមគ្រួសារនិងអ្នកភូមិ រួមទាំងម៉ូយលក់ស្រា បាត់បុរសខាងលើនេះ ពុំឃើញទៅផ្ទះនិងទៅទិញស្រាផឹកដូចសព្វដង ពួកគាត់ស្មានថាប្រហែលជាគាត់ ទៅលេងស្រុកកំណើត ហើយតាមមើលព្រោះមិនដែលឃើញគាត់សោះ លុះនៅព្រឹកមិញនេះ អ្នកភូមិដែលរស់នៅក្បែរមាត់ស្រះ កន្លែងកើតហេតុធុំក្លិនស្អុយៗ ចេញពីក្នុងស្រះទឹក ទើបរាយការណ៍ទៅលោកមេភូមិ ចុះទៅមើលក៏ប្រទះឃើញបុរសខាងលើនេះ បាត់បង់ជីវិតនៅក្នុងទឹកបាត់ទៅហើយ ទើបលោកមេភូមិ បានរាយការណ៍បន្តទៅឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ពងទឹក ចុះមកធ្វើការហ៊ុំព័ទ្ធនៅជុំវិញកន្លែងកើតហេតុ និងរាយការណ៍ទៅកាន់នគរបាលជំនាញ ការិយាល័យកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យសព និងសំណាករកមេរោគកូវីដ១៩ ជាលទ្ធផលគ្រូពេទ្យបានបញ្ជាក់ថា សពបុរសខាងលើនេះ អវិជ្ជមាននៃមេរោគកូវីដ១៩ ដោយឡែកខាងសមត្ថកិច្ចជំនាញ បានបញ្ជាក់ឲ្យដឹងថា សពបុរសនេះ ពិតជាធ្លាក់ទឹកបណ្តាលឲ្យឈ្លក់ទឹក លង់ស្លា.ប់ពិតប្រាកដមែន ពុំមែនជាប់ពាក់ព័ន្ធនិងករណីឃាត.កម្មអ្វីនោះឡើយ។សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕