ភ្នំពេញ: នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី២ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីលួចទូរស័ព្ទ និងយកកាំបិតកាប់ទៅលើម៉ូតូ នៅចំណុចភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ជនរងគ្រោះឈ្មោះ រ៉ា វីអីសាត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្លូវបេតុង ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១- ឈ្មោះ ទ្បោះ ម៉ាត់សេន ភេទប្រុស មុខរបរ អ្នកធ្វើត្រី ស្នាក់នៅផ្លូវលេខ៥ ភូមិ៤ សង្កាត់ច្រាងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ២- ឈ្មោះ យ៉េត សាគីរីន ភេទប្រុស មុខរបរ កម្មករសំណង់ ស្នាក់នៅផ្លូវលេខបេតុង ភូមិខ២ សង្កាត់ច្រាងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ ជនរងគ្រោះបានទុកទូរស័ព្ទនៅក្នុងខ្លុបម៉ូតូ ហើយក៏បានទៅលេងបាល់ទាត់ ដែលមានគ្នាចំនួន០៩នាក់ នៅចំណុចកើតហេតុខាងលើ ពេលកំពុងតែលេង ក៏ស្រាប់មានបក្ខពួកជនសង្ស័យមួយក្រុម មានគ្នាប្រហែល១០នាក់ បានជិះម៉ូតូបំបុកបក្ខពួកជនរងគ្រោះ បន្ទាប់មកបក្ខពួកជនសង្ស័យបានដកកាំបិតដេញកាប់ ទៅលើបក្ខពួកជនរងគ្រោះ ក៏រត់ចោលម៉ូតូហើយបក្ខពួកជនសង្ស័យកាប់ម៉ូតូ និងលួចយកទូរស័ព្ទម៉ាក OPPO A15 របស់ជនរងគ្រោះបន្ថែមទៀត ហើយបក្ខពួកជនសង្ស័យក៏ជិះរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី២ ។
បន្ទាប់ពីទទួលពាក្យដណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី២ បើការស្រាវជ្រាវស្វែងរកជនសង្ស័យ លុះដល់ថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៩និង៣០នាទី ក៏បានឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅចំណុចផ្លូវលេខ៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ និងម្នាក់ទៀត នៅវេលាម៉ោង២៣និង៣០នាទី នៅចំណុចផ្លូវបេតុង ក្រុមទី៨ ភូមិក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕